(ភ្នំពេញ)៖ ស្ត្រីខ្មែរម្នាក់ ដែលអះអាងថា ខ្លួនជាជនរងគ្រោះដោយការរំលោភបំពានតាមរយៈអាពាហ៍ពិពាហ៍ នៅប្រទេសចិន នឹងធ្វើមាតុភូមិនិវត្តន៍វិញនៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្រោយក្រសួងការបរទេស តាមរយៈស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅសៀងហៃជួយអន្តរាគមន៍។ ការអន្តរាគមន៍នេះបានធ្វើឡើងបន្ទាប់ពីគាត់បង្ហោះវីដេអូលើបណ្តាញសង្គម Facebook អំពាវនាវទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឲ្យជួយសង្គ្រោះដោយសារចាញ់បោកគេ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែររូបនេះ ដែលមានឈ្មោះថា សែម ស្រីពេជ្រ ស្នាក់នៅខេត្តជឺជាំង ប្រទេសចិន ដែលមានបំណងត្រឡប់មកកម្ពុជាវិញ ដោយសារមិនអាចរស់នៅចុះសម្រុងជាមួយប្តីបាន។

លោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ក៏ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ស្ត្រីរងគ្រោះខាងលើ ស្ថានអគ្គកុងស៊ុល ជូនដំណើរឡើងយន្តហោះរួចរាល់ហើយ និងបានចាកចេញទៅកាន់ប្រទេសកម្ពុជាហើយប្រហែលល្ងាចនេះនឹងដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ។

លោក គុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ផងដែរថា ស្រ្តីរងគ្រោះបានមកដល់ស្ថានអគ្គកុងស៊ុល នៅវេលាម៉ោង ២១៖០០យប់មិញ (ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០) ដោយសុវត្តិភាព ហើយស្នាក់នៅស្ថានអគ្គកុងស៊ុលកម្ពុជារហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ទើបចេញដំណើរត្រឡប់ទៅកម្ពុជាវិញតាមជើងយន្ដហោះ (Spring Airlines 9 c8533) ចេញដំណើរពីទីក្រុងសៀងហៃ វេលាម៉ោង ១៣៖៥៥នាទី និងទៅដល់អាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង ១៧៖០៥នាទីល្ងាចថ្ងៃដដែល។

លោក នាង សំរិតកុមារ បានបញ្ជាក់ផងដែរ ក្រោយធ្វើដំណើរមកដល់ស្ថានអគ្គកុងស៊ុលកម្ពុជា ខាងមន្រ្តីរបស់លោកប្រចាំការនៅទីនោះ បានមើលថែគាត់បានយ៉ាងល្អ និងបានរៀបចំរួចរាល់ហើយដែរ សម្រាប់ការវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញនៅថ្ងៃទី២២ ខែតុលា ខាងមុខនេះ។

លោកបានអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលអាណិត និងបារម្ភពីប្អូនស្រីដែលជាជនរងគ្រោះ និងបានជួយចែកចាយព័ត៌មានបន្តគ្នា ទើបធ្វើឲ្យស្ថានអគ្គកុងស៊ុលយើងទទួលបាននូវព័ត៌មានយ៉ាងឆាប់រហ័ស។ សូមអរគុណដល់កិច្ចសហការដ៏ល្អរបស់ប៉ូលីសអន្តោប្រវេសន៍ចិន និងអង្គការសម្ព័ន្ធចាប់ដៃកម្ពុជា (ជួយចេញថ្លៃសំបុត្រយន្តហោះ) និងបុគ្គលិកស្ថានអគ្គកុងស៊ុលទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត។

លោក កុយ គួង បានបញ្ជាក់ទៀតថា ស្ថានអគ្គកុងស៊ុល ក៏បានឧបត្ថម្ភថ្លៃហូបចុក ថ្លៃសំបុត្ររថភ្លើង (ពីទីក្រុងវិនចូវ មកសៀងហៃ) ថ្លៃពិនិត្យស្វែងរកមេរោគកូវីដ-១៩ ដែលសរុបជាទឹកប្រាក់ ៥០០ដុល្លារអាមេរិក ជូនដល់នាងផងដែរ។

បើតាមវីដេអូមួយ ដែលត្រូវបានចែកចាយលើ Facebook, និយាយបណ្តើរស្រក់ទឹកភ្នែកបណ្តើរ ស្រីពេជ្រ បានអំពាវនាវទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ដែលមើលវីដេអូគាត់ហើយ សូមមេត្តាជួយចែកចាយសំឡេងទុក្ខសោករបស់គាត់ ឲ្យបានដល់សម្តេចតេជោ ហ៊ុន សែន ផង។ គាត់និយាយ គាត់បានចាញ់បោកគេ ពេលទៅដល់ប្រទេសចិន ដោយបន្ថែមថា គាត់មិនមានទូរស័ព្ទទាក់ទងទៅគ្រួសារឡើយ។ ស្រីពេជ្រ បានលួងលោមសុំខ្ចីទូរស័ព្ទពីអ្នកដទៃម្នាក់ ដើម្បីថតវីដេអូនេះ ហើយបង្ហោះលើបណ្តាញសង្គមតែម្តង។

គួរកត់សម្គាល់ថា ស្រីខ្មែរមិនតិចនាក់ទេ ដែលត្រូវបានចាញ់បោកអ្នកដទៃ តាមរយៈអាពាហ៍ពិពាហ៍បែបនេះ។ មានអ្នកខ្លះ បែរជាបានរៀបការជាមួយប្តីមិនគ្រប់ទឹក ហើយក៏មានអ្នកខ្លះទៀត ត្រូវបានប្តីកាចសាហាវ យកពួកគាត់ទៅប្រើប្រាស់ដូចសត្វធាតុក៏មាន៕

លោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ