(ភ្នំពេញ)៖ កម្លាំងជំនាញការិយាល័យ ប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកការស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរ គ្រឿងញៀនខុសច្បាប់ នៅពីរគោលដៅផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។

គោលដៅទី១៖ នៅចំណុចមុខបន្ទប់ជួល ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងគោលដៅទី២៖ នៅចំណុចមុខខុនដូបាលី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រតិបត្ដិការចុះបង្ក្រាបករណីរក្សាទុក ជួញដូរ គ្រឿងញៀនខុសច្បាប់ ខាងលើនេះ ធ្វើឡើងនាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២០។

ប្រតិបត្ដិការនេះ ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ក្នុងនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចូលរួមសហការពីកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ៣នាក់ ១៖ ឈ្មោះ Huo Tao ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន, ២៖ ឈ្មោះ Ba yun ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន, ៣៖ ឈ្មោះ Shi Si Bel ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន។

ក្នុងនោះ សមត្ថកិច្ច បានដកហូតវត្ថុតាង ចាប់យកសារធាតុញៀនសរុប១គីឡូក្រាម ៤៥៣,៥៤ក្រាម (មេតំហ្វេតាមីន(ICE) ទម្ងន់១,៣៨៩.៤៣ក្រាមគ្រាប់ (WY) ២៩.២១ក្រាម, អ៊ិចស្តាស៊ី ៣៤.៩០ក្រាម) ជញ្ជីងថ្លឹង០១គ្រឿង និងទូរស័ព្ទ០២គ្រឿង។

ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ បានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕