(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានទៅជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋជិត៤០០នាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីស្តាប់នូវការលើកឡើង និងសំណូមពរនានា ដែលកើតមានឡើងនៅតាមមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយ ក៏ដូចជា រាយការណ៍ទៅថ្នាក់ដឹកនាំឲ្យបានដឹង។

លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងទៅប្រាប់ទៅកាន់ ប្រជាពលរដ្ឋថា លោកនឹងចាត់ឲ្យក្រុមការងាររបស់លោក ចុះទៅធ្វើការជាមួយ ប្រធានភូមិ មេឃុំកាន់តែជិតស្និត គោលបំណងការបង្កើន និងពង្រឹងបញ្ហាសន្តិសុខ ជាពិសេសនោះ គឺការផ្តល់ព័ត៌មានកាន់តែខ្លាំងឡើង នូវអ្វីដែលកើតឡើង នៅតាមភូមិឋានរបស់ពួកគាត់ រាប់ទាំងបញ្ហាបទល្មើសនានាផងដែរ។

ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសជនចាស់ជរាថា មិនចាញ់បោក និងការជឿឃោសនា របស់មេដឹកនាំគណបក្សប្រឆាំង ឬមន្រ្តីគណបក្សអំពីការសន្យាផ្តល់លុយចំនួន៤ម៉ឺនរៀនោះទេ វាគ្រាន់តែក្តីស្រមៃមួយប៉ុណ្ណោះ ដោយលោកបានឌឺថា ការកុហសបោកប្រាស់មនុស្សយ៉ាងដូច្នេះ មិនខ្លាចបាបទេអី។

សម្រាប់ការងារលើការផ្តល់សេវាសាធារណៈវិញ លោក ម៉ក់ ពេជ្ជរិទ្ធ បានបានអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនសកម្មភាពការងារ និងជួយសំរួលឲ្យមានលក្ខណៈល្អប្រសើរ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋ កុំឲ្យមានការប៉ះអារម្មណ៍ ចំពោះបញ្ហាទាំងនេះ៕