(ភ្នំពេញ)៖ លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិហៅកាត់ WWF ប្រចាំកម្ពុជា បានបញ្ជាក់ថា តាមការសិក្សាទៅលើចំនួនសត្វផ្សោតទន្លេមេគង្គ នៅឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនសត្វផ្សោតមេគង្គនៅកម្ពុជាពុំមានការធ្លាក់ចុះ នោះឡើយ បើធៀបនឹងចំនួនដែលបានកត់ត្រានៅក្នុងឆ្នាំ២០១៧ មានប្រហែល ៩២ក្បាល។

ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍បច្ចេកទេសអំពីការសិក្សាលើចំនួនសរុបនៃសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ នៅទីស្តីការរដ្ឋបាលជលផល ព្រឹកថ្ងៃទី២២ ខែតុលានេះ លោក សេង ទៀក បានអះអាងថា អត្រានៃចំនួនសត្វផ្សោត អាចរស់រានមានជីវិត អត្រានៃកំណើន សត្វផ្សោត និងអត្រានៃចំនួនសត្វផ្សោតថ្មី ដែលបានកត់ត្រាបញ្ចូលទៅក្នុងចំនួនសរុប ត្រូវបានប៉ាន់ប្រមាណដោយផ្អែកលើចំនួនសត្វផ្សោតដែលអ្នកជំនាញស្គាល់ភិនភាគដូចជាស្នាមឆែកនៃព្រុយខ្នងជាដើម។

នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិហៅកាត់ WWF បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គួររំឮកផងដែលលទ្ធផលជំរឿន សត្វផ្សោតប្រចាំឆ្នាំ២០១៧ យើងមានផ្សោត៩២ក្បាល ចំនួននេះ គឺជាការកើនឡើងប្រមាណ១៥ភាគរយ បើធៀបទៅនឹងលទ្ធផលជំរឿន នៅក្នុងឆ្នាំ២០១៥ ដែលចំនួនរបស់វាមានប្រមាណ ៨០ក្បាលប៉ុណ្ណោះ»

«ដោយឡែក លទ្ធផលធ្វើជំនឿនសត្វផ្សោតឆ្នាំ២០២០នេះ ចំនួនសត្វផ្សោតសរុបរបស់យើង មានប្រហាក់ប្រហែលគ្នា ទៅនឹងចំនួនផ្សោតដែលមាននៅក្នុងឆ្នាំ២០១៧ បើតាមគំរូទិន្នន័យអ្នកជំនាញ ប្រើប្រាស់សម្រាប់គណនាចំនួនផ្សោតនេះ តួលេខប្រហាក់ប្រហែលគ្នានេះ បញ្ជាក់ថារបាយសត្វផ្សោតក្នុងឆ្នាំ២០២០ គឺមានចំនួនថេរ»

បន្ថែមពីនេះលោក សេង ទៀក បានឱ្យដឹងថា សត្វត្រូវបានអ្នកជំនាញសិក្សា និងប្រើប្រាស់ដើម្បីវាស់កម្រិតសុខភាពទន្លេ មានន័យថាវត្តមានរបស់សត្វផ្សោតនៅកន្លែងណា គឺអាចបញ្ជាក់ថាប្រព័ន្ធ អេកូឡូស៊ី និងសុខភាពរបស់ទន្លេនៅទីតាំងនោះមានភាពល្អប្រសើរ ដែលសប្បូរដោយត្រីគ្រប់ប្រភេទរស់នៅព្រមទាំងជាទីជម្រកដ៏ប្រពៃសម្រាប់សត្វរស់នៅក្នុងទន្លេជាច្រើនប្រភេទទៀត។ សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជាផ្នែកមួយយ៉ាងសំខាន់នៃមរតកធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ហើយក៏ជាសត្វមួយដែលប្រជាជនកម្ពុជាគោរពបូជា និងជាប្រភពផ្តល់ប្រាក់ចំណូលមួយ ដ៏សំខាន់សម្រាប់សហគមន៍ដែលចូលរួមក្នុងវិស័យទេសចរណ៍ធម្មជាតិ។

ក្រុមអ្នកស្រាវជ្រាវបានកត់ត្រាសត្វផ្សោតក្នុងវ័យជំទង់ចំនួន១៣ក្បាលក្នុងឆ្នាំ២០១៥, ១៨ក្បាលក្នុងឆ្នាំ២០១៧ និង១៦ក្នុងឆ្នាំ២០២០។ ចំណែក កូនផ្សោតចំនួន១២ក្បាល ត្រូវបានកត់ត្រាក្នុងឆ្នាំ២០១៥, ១១ ក្បាលក្នុងឆ្នាំ២០១៦, ៩ក្បាល ក្នុងឆ្នាំ២០១៧, ៩ក្បាលក្នុងឆ្នាំ២០១៨, ១៣ក្បាល ក្នុងឆ្នាំ២០១៩ និង៦ក្បាល ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០២០។

លោក ស្រ៊ុន លឹមសុង អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ ESCAP និងជាអគ្គនាយករងនៃរដ្ឋបាលជលផល បានចាត់ទុកលទ្ធផលដែលទទួលបានក្នុង ឆ្នាំ២០២០នេះ គឺជាសញ្ញាវិជ្ជមានក្នុងការស្តារឡើងវិញនូវសត្វផ្សោតទន្លេមេគង្គ ខណៈពួកវាកំពុងប្រឈមនឹងការគំរាមកំហែងជាច្រើន ដូចជាការទាក់ជាប់ទៅនឹងមងនេសាទ នៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វ,សកម្មភាពនេសាទខុសច្បាប់ដោយប្រើឧបករណ៍ ឆក់, នុយនេសាទដែលមានជាតិពុល និងការនេសាទហួសកម្រិត និងទំនប់វារីអគ្គិសនី នៅចរន្តទឹកខាងលើជាដើម។

យោងតាមរបាយការណ៍របស់អង្គការ WWF បានបញ្ជាក់ថា អត្រាកំណើនជាមធ្យម ប្រចាំឆ្នាំគឺ១,០២ភាគរយ និងអត្រាស្លាប់ប្រចាំឆ្នាំគិតជាមធ្យម គឺ២,១៤ភាគរយ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២០។

បើប្រៀបធៀបទៅនឹងរយៈពេលពីឆ្នាំ២០០៧ ដល់២០១៣ អត្រាស្លាប់ប្រចាំឆ្នាំ គិតជាមធ្យមមានដល់ទៅ៨ភាគរយ និង២,៤ភាគរយក្នុងរយៈពេលពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥។ ចំនួនផ្សោតថ្មីដែលបានកត់ត្រា និងបញ្ចូលក្នុងចំនួនសរុប មាន ដល់ទៅ៤.២២ភាគរយ ដែលក្នុងឆ្នាំ២០១៧ ពុំមានផ្សោតថ្មីណាមួយត្រូវបាន កត់ត្រាបញ្ចូលក្នុងចំនួនសរុបឡើយ។

សូមបញ្ជាក់ថា តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ លាតសន្ធឹងតាមដងទន្លេ មេគង្គភាគខាងជើងក្នុងកំណាត់លើប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា និងប្រទេសឡាវ ត្រង់ចំណុចល្បាក់ខោន ទឹកធ្លាក់និមិត្ត អន្លង់ឈើទាល អន្លង់មរកត ក្នុងខេត្តស្ទឹងត្រែងមកទល់នឹងក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ។

អង្គការ WWF រួមជាមួយនឹងរដ្ឋបាលជលផល អាជ្ញាធរខេត្តក្រចេះ និងខេត្តស្ទឹងត្រែង និងសហគមន៍មូលដ្ឋានបានរួមគ្នាការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គអស់រយៈពេលជាង១៥ឆ្នាំ កន្លងមកហើយ។ សត្វផ្សោតទន្លេមេគង្គ គឺជាអាទិភាពនៃអង្គការ WWF ពីព្រោះពួកវា ត្រូវបានចាត់ទុកជាសុចនករនៃសុខភាព របស់ប្រព័ន្ធទន្លេមេគង្គដែលប្រជាជនប្រមាណជាង ៦០លាននាក់ កំពុងពឹង អាស្រ័យលើទន្លេនេះសម្រាប់ប្រកបរបរចិញ្ចឹមជីវិត។ ជាងនេះទៅទៀត សត្វផ្សោតប្រភេទនេះត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជារតនៈសម្បត្តិជាតិ មានជីវិតបន្ទាប់ពីប្រាងប្រាសាទអង្គវត្ត៕