(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដោយរិះគន់ថា អ្នកធ្វើនយោបាយខ្លះ មិនដែលនិយាយសូម្បីតែពាក្យរំលែកទុក្ខ និងពាក្យចូលរួមមរណទុក្ខ ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់សោះ។

ការរិះគន់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសសម្តេចតេជោ បន្តជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត។ ទោះបីជានិយាយមិនចំឈ្មោះ ក៏គេអាចកត់សម្គាល់ថា ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺសម្តៅដល់ក្រុមអ្នកធ្វើនយោបាយប្រឆាំងតែម្តង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ៖ «យើងនិយាយតាមមួយបែប គណបក្សប្រជាជន គឺជាគណបក្សរួមទាំងសុខ រួមទាំងទុក្ខ។ ពាក្យខ្មែរ គេបានភ្ជាប់គ្នាថា រួមសុខរួមទុក្ខ។ ក៏ប៉ុន្តែអ្នកខ្លះ រួមតែជាមួយពេលមានសុខទេ ពេលមានទុក្ខរត់បាត់ ចោលយើងអស់។ សូម្បីតែពាក្យមួយម៉ាត់ សម្តែងមរណទុក្ខ សម្តែងនូវការសោកស្តាយ នូវការលិចលង់ ក៏គេមិនបាននិយាយផង»

បើតាមប្រសាសន៍សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈជានិច្ច។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេចគ្មានទម្លាប់ដើរចោលប្រជាជន នៅពេលដែលប្រជាជនជួបការលំបាកទេ។ សម្តេចរំលឹកថា ពាក្យរួមសុខរួមទុក្ខ ស្មើនឹងពាក្យខ្មែរយើងថា ជួយគ្នាក្នុងគ្រាក្រ មិត្តល្អក្នុងគ្រាលំបាក។

សម្តេចមានប្រសាសន៍យ៉ាងដូច្នេះ «សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋរបស់យើង ក្រោយរបប ប៉ុល ពត អស់ជាង ៣១ឆ្នាំ យើងនៅតែបន្តប្រពៃណីនេះទៀត។ ហើយនេះបង្ហាញឲ្យឃើញកាន់តែច្បាស់ នៅពេលណាដែលមានមហន្តរាយកើតឡើង ប្រជាជនជួបការលំបាក តែងតែមានវត្តមានជានិច្ច មន្ត្រីគណបក្សប្រជាជនកម្ពុជា។ សម្រាប់ខ្លួនខ្ញុំ គឺខ្ញុំគ្មានទម្លាប់ដើរចោលប្រជាជន នៅពេលដែលប្រជាជនកំពុងជួបការលំបាកទេ»

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានសួររកគ្រួសារសព ដែលឪពុករត់ទៅជួយកូនលង់ទឹក ហើយស្លាប់ខ្លួនឯង។ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះគ្រួរសារសព ដែលស្លាប់ដោយទឹកជំនន់ផងដែរ។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណជាថ្មីដល់ពលរដ្ឋគោកឋិន ដែលវិចខ្ចប់បាយជូនកងទ័ព និងសរសេរលិខិតអរគុណកងទ័ព ដែលជួយប្រតិបត្តិការ សង្រ្គោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់។ សម្តេចតេជោ បានថ្លែងដែរថា រថយន្តយោធា២៩០គ្រឿង ដែលកម្ពុជាទិញពីចិន ហើយត្រូវបានរិះគន់ដោយក្រុមប្រឆាំងនោះ បានបង្ហាញជាក់ស្តែងក្នុងការជួយដល់ប្រជាពលរដ្ឋ បន្ថែមលើមុខងារក្នុងវិស័យកងទ័ពទៀតផង៕