(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតនៃប្រទេសរុស្ស៊ីប្រចាំនៅកម្ពុជា និងបុគ្គលិកស្ថានទូតរុស្ស៊ី ដែលបានជួយឧបត្ថម្ភ អង្ករ ២តោន ទឹកសុទ្ធ ២១យួរ និងមី ៧៥កេស ដល់កាកបាទក្រហមកម្ពុជា ដេីម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។

កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយទាំងអស់នេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដោយផ្ទាល់ដៃ។

អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់បុគ្គលិកនៃស្ថានទូតរុស្ស៊ី និងប្រជាជនរុស្ស៊ី ហើយដែលរឹតតែបង្ហាញអំពីចំណងមិត្តភាព សាមគ្តីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសនិងប្រជាជនកម្ពុជា-រុស្ស៊ី ជាពិសេសស្មារតីនៃការចែករំលែក ជួយគ្នាក្នុងគ្រាមានអាសន្ន៕