(ព្រៃវែង)៖ លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានអំពាវនាវដល់អាណាព្យាបាលសិស្សត្រូវជំរុញ និងលើកទឹកចិត្តដល់កូនៗឲ្យទៅសាលារៀន សិក្សារៀនសូត្រឲ្យបានគ្រប់ៗគ្នា ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ ប្រកបដោយចំណេះ និងជំនាញពិតប្រាកដ។

ការថ្លែងអំពាវនាវនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអង្គការមូលនិធិនៃក្តីសង្ឃឹមបានផ្តល់អំណោយអាហារូបករណ៍ ដល់កុមារដែលមានជីវៈភាពខ្វះខាត ចំនួន៦៨ នាក់ នៅក្នុងឃុំចំនួន ៦ នៃស្រុកស្វាយអន្ទរ។ នៅក្នុងពិធីចែកអំណោយនេះ ក៏មានការចូលរួមពីលោក លឹម ឈាងឡេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំដំរីពួន និងតំណាងអង្គការ មូលនិធិនៃក្តីសង្ឃឹម ដែលធ្វើនៅភូមិអូរកណ្តោលខាងជើង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងផងដែរ។

លោក ប៉ិច សុង បានលើកឡើងទៀតថា ការផ្ដល់អាហារូបករណ៍ដល់កុមារ ដែលមានជីវភាពខ្វះខាត របស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះ គឺក្នុងគោលបំណងដើម្បីជំរុញឲ្យកុមារដែលមានជីវៈភាព ក្រីក្រខ្វះខាតក្នុងការបន្តការសិក្សារៀនសូត្រ ដើម្បីឲ្យមានលទ្ធភាពបានបន្តការសិក្សារៀនសូត្រ ដូចគ្រួសារដែលមានជីវភាពធូរធារនោះផងដែរ។

ក្នុងនោះអង្គការក៏បានជួយឧបត្ថម្ភគាំទ្រ ដល់កុមារដែលមានជីវៈភាពក្រីក្រខ្វះខាតនេះនូវសម្ភារសិក្សាមួយឈុតរយៈពេល ១ឆ្នាំ សម្រាប់កុមារម្នាក់ ចំពោះកាផ្តល់សម្ភារសិក្សានេះ ក្នុងកុមារម្នាក់ៗ គឺជួយរយៈពេល ៦ឆ្នាំ ដោយចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ និងផ្ដល់សម្លៀកបំពាក់ រួមទាំងអាហារ មានអង្ករ គ្រឿងឧបភោគបរិភោគចំនួន ២ខែម្ដងផងដែរ។

លោកបានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាអង្គការមូលនិធិនៃក្តីសង្ឃឹម និងរដ្ឋបាលស្រុក ក្នុងការលើកកម្ពស់ ធនធានមនុស្សចំណេះដឹង ដល់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងការផ្ដល់ឱ្យកូនបន្តការសិក្សារៀនសូត្រ។

លោកអភិបាលស្រុក ផ្តាំផ្ញើដល់ក្មួយៗ ដែលទទួលបានអាហារូបករណ៍ក្នុងការបន្តការសិក្សារៀនសូត្រ តាមរយៈការឧបត្ថម្ភរបស់អង្គការមូលនិធិនៃក្តីសង្ឃឹម សូមយកចិត្តទុកដាក់ និងខិតខំសិក្សារៀនសូត្រ ឲ្យអស់ពីកម្លាំងកាយចិត្តដោយមិនត្រូវបោះបង់ការសិក្សា និងមិនត្រូវសេពនូវគ្រឿងញៀននោះទេ ព្រោះថាចំណេះដឹងនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយយឹតយោងជីវភាពក៏ដូចជា អនាគតរបស់ក្មួយៗនាពេលអនាគតរុងរឿងបាន។

លោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលជាអាណាព្យាបាលក៏ដូចជាក្មួយៗ ទាំងអស់ត្រូវ បន្តនិងអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំដើម្បីបង្ការទប់ស្កាត់ កុំឱ្យមានការឆ្លងនូវជំងឺកូវីដ១៩ទាំងអស់គ្នា ដោយផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំដូចជាលាងដៃជាមួយសាប៊ូ អាកុល ជែល និងនូវគម្លាតគ្នាជាដើម៕