(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណ៧នាទី មានចំណងជើងថា «គ្រោះធម្មជាតិគ្មានព្រំដែនកំណត់ និងគ្មានការរើសអើង»។

វីដេអូពិសេសនេះ បានបង្ហាញ អំពីបញ្ហាគ្រោះធម្មជាតិនានា ដែលធ្លាប់បានកើតនិងកំពុងកើតឡើងនៅតាមបណ្តាប្រទេសជាច្រើន ទាំងនៅទ្វីបអាមេរិក ទ្វីបអឺរ៉ុប ទ្វីបអាស៊ី និងតំបន់ផ្សេងៗទៀតនៅជុំវិញពិភពលោក ដែលបាននិងកំពុងបង្កឱ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វពាហនៈ ទ្រព្យសម្បត្តិរដ្ឋ និងឯកជន ជាពិសេសការបំផ្លាញហេដ្ឋានរចនាសម្ព័ន្ធរូបវន្តរបស់ប្រទេសជាតិអស់ជាច្រើន។

វីដេអូនេះ បង្ហាញអំពីស្ថានភាពពិតនៃគ្រោះធម្មជាតិដែលបាននិងកំពុងកើតឡើងនៅលើពិភពលោក រួមទាំងកម្ពុជាផង គឺផ្ទុយពីការបំភ័ន្ត មួលបង្កាច់ និងការចោទប្រកាន់ដ៍ខុសឆ្គងបំផុតរបស់ក្រុមប្រឆាំងជ្រុលនិយម និងជនអគតិមួយចំនួនដើម្បីតែទាញយកផលប្រយោជន៍នយោបាយ។ ក្នុងន័យថា គ្រោះធម្មជាតិអស់ទាំងនេះ មិនមែនកើតមានតែនៅកម្ពុជាយើងនោះទេ ប៉ុន្តែគឺវាបាននិងកំពុងកើតឡើងនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោកទាំងប្រទេសធំៗ និងបណ្តាទីក្រុងជាច្រើនក៏បានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ខ្យល់ព្យុះស៊ូណាមី គ្រោះរញ្ជួយផែនដី ការផ្ទុះភ្នំភ្លើង ភ្លើងឆេះព្រៃ និងគ្រោះរាំងស្ងួតជាដើម។ល។ និង។ល។ ដែលជាគ្រោះមហន្តរាយធម្មជាតិបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

សូមទស្សនាវីដេអូ «គ្រោះធម្មជាតិគ្មានព្រំដែនកំណត់ និងគ្មានការរើសអើង» ដូចតទៅ៖