(ភ្នំពេញ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន០៤នាក់ទៀត បានលង់ទឹកស្លាប់នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ខណៈរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តជាប់ព្រំដែនថៃកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។ នេះបើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែតុលានេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា តាមរបាយការណ៍បានបង្ហាញថា ក្នុងចំណោមពលរដ្ឋ០៤នាក់ ដែលស្លាប់ដោយលង់ទឹកនោះមាននៅខេត្ត បាត់ដំបង១នាក់, ខេត្តព្រះសីហនុ១នាក់, ខេត្តកំពង់ស្ពឺ១នាក់ និងខេត្តបន្ទាយមានជ័យ១នាក់។ ដោយឡែកក្នុងខេត្តព្រះសីហនុ មានករណីបាត់ក្មេងស្រី១នាក់ ធ្លាក់ចូលល្បាក់ដែលមានទឹកហូរខ្លាំង បាត់រកមិនទាន់ឃើញ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ដែលងាយរងគ្រោះ និងរងគ្រោះដោយទឹកជំនន់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ចំពោះកូនចៅ និងសមាជិកគ្រួសារ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដែលបាននិងកំពុង ក៏ដូចជាត្រៀមអន្ដរាគមន៍ជួយសង្គ្រោះ។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ៕