(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះបានបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត។

នៅក្នុងឱកាសចែកអំណោយសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ជិត១ម៉ោង។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖

* ដល់ក្រុងប៉ោយប៉ែត សម្តេចតេជោ ហ៊ុន សែន សួរនាំរឿងក្រឡាប់ទូកស្លាប់ ដោយសារតែពស់រត់ចូលទូក

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះទឹកជំនន់ បានសម្លាប់ពលរដ្ឋកម្ពុជា៣៦នាក់ រហូតដល់ថ្ងៃទី២២ ខែតុលានេះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយគ្រោះទឹកជំនន់ រាជរដ្ឋាភិបាលត្រូវស្តារហេដ្ឋរចនាសម្ព័ន្ធឡើងវិញ និងបន្តជួយពលរដ្ឋដែលរងគ្រោះផងដែរ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរបន្តយកចិត្តទុកដាក់គិតគូរជួយស្តារជីវភាពប្រជាពលរដ្ឋ ក្រោយគ្រោះទឹកជំនន់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំទុកចិត្តខ្ញុំខ្លាំងពេកថា ខ្ញុំគ្មានជំងឺកូវីដ១៩ ព្រោះសូម្បីតែប្រធានាធិបតីអាមេរិក និងភរិយារបស់គាតក៏ឆ្លងកូវីដ១៩ដែរ

* សម្តេចតេជោ ហ៊ុន សែន នៅបន្តប្រាប់ប្រជាពលរដ្ឋ ឱ្យបន្តការពារខ្លួនពីជំងឺកូវីដ១៩ ដោយមិនត្រូវទុកចិត្តនរណាឡើយ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសរបស់គេចេះការពារខ្លួនពីកូវីដ១៩ ឯកម្ពុជាក៏ចេះការពារខ្លួនរបស់យើងដែរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសទាំងអស់ រួមទាំងមហាអំណាច មិនអាចត្រួតត្រាចំពោះគ្រោះធម្មជាតិបានទេ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងផ្តល់ជំនួយនេះ សម្តេចមិនមានការរើសអើងចំពោះនិន្នាការនយោបាយណានោះឡើយ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលមិនធ្លាប់លិចទឹក មិនដែលមានទូកនោះទេ

* សម្តេចតេជោ ហ៊ុន សែន បន្តប្រាប់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ឱ្យពិសារទឹកបរិសុទ្ធ ដើម្បីចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ដែលនាំឱ្យរងគ្រោះម្តងទៀត

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការការពារខ្លួនពីជំងឺ ក៏ដូចជាកូវីដ១៩ ត្រូវច្បាប់ផ្តើមពីបុគ្គលម្នាក់ៗ ដែលមានការទទួលខុសត្រូវថែរក្សាសុខភាពដោយខ្លួនឯង

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកដែលរិះគន់ថា តែងរៃលុយពេលមានគ្រោះធម្មជាតិ ដោយសម្តេចបញ្ជាក់ថា បើឯងចង់ធ្វើសត្រូវជាមួយលុយក៏ធ្វើទៅ

* សម្តេចតេជោ ហ៊ុន សែន ចំអកដល់អ្នកដែលរិះគន់រៃរាជរដ្ឋាភិបាលប្រមូលលុយសប្បុរសជនជួយដល់ជនរងគ្រោះថា ខ្លួនឯងទៅវិញទេ ដែលប្រមូលស្រោមសំបុត្រដាក់ហោប៉ៅខ្លួនឯង

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលមិនបានអំពាវនាវទេ ប៉ុន្តែសប្បុរសជន មានសមានចិត្ត ចេញមកជួយពលរដ្ឋដោយខ្លួនឯង

* សម្តេចតេជោ ហ៊ុន សែន បង្ហើបរឿងសមាជិកក្រុមប្រឆាំង ដែលសុខចិត្តជាប់គុក ដើម្បីទទួលបានលុយពីក្រៅប្រទេស

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែទទួលជំនួយពីសប្បុរសជន ទោះតិចឬច្រើនក្តី ព្រោះនេះជាទឹកចិត្តរបស់ពួកគេ

* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីសម្តី លោក ជេម សុខ ដែលថា នៅអាមេរិកមិនមានព្រះទេ មានតែលុយ បើអត់លុយ សូម្បីតែព្រះសង្ឃក៏ដាច់ចង្ហាន់ដែរ

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ក្រុមប្រឆាំងដែលរិះគន់រឿងសប្បុរសធម៌ចូលរួមថវិកាតាមរាជរដ្ឋាភិបាលដើម្បីជួយពលរដ្ឋ គឺកំពុងច្រណែន

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលរួមថវិការរបស់សប្បុរសជនពេលនេះ ដោយសារតែពួកគាត់ទុកចិត្តរាជរដ្ឋាភិបាល ក្នុងការជួយប្រជាពលរដ្ឋពិតប្រាកដ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកអំពីការចូលរួមរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ តាមរយៈរាជរដ្ឋាភិបាល ដើម្បីជួយពលរដ្ឋដោយទឹកជំនន់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរិះគន់ចំពោះសប្បុរសជនដែលចូលរួមថវិកាជាមួយរាជរដ្ឋាភិបាលដើម្បីជួយពលរដ្ឋ ប្រៀបដូចប្រមាថអង្គព្រះមហាក្សត្រ ដោយសារព្រះអង្គក៏បានចូលវិភាគទានដែរ

* សម្តេចតេជោ ហ៊ុន សែន ចំអកចំពោះ អ្នកដែលរិះគន់កម្ពុជាថា «សង្គមផឹកស៊ី» ដោយសម្តេចថ្លែងថា ការសប្បាយជាធម្មជាតិរបស់មនុស្ស ដែលសង្គមណាក៏មានដែរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្រ្តីរបស់រាជរដ្ឋាភិបាល បានធ្វើការងារស្រុះគ្នាល្អណាស់ ក្នុងការជួយដល់ប្រជាពលរដ្ឋ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋរកការងារនៅក្នុងស្រុក ចៀសវាងទៅប្រទេសថៃ ដោយចាញ់បោកតាមមេខ្យល់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងចង់ធ្វើសត្រូវជាមួយលុយ ចំណែកសម្តេចមិនចង់ធ្វើសត្រូវជាមួយលុយទេ តែចង់ធ្វើមិត្តភក្តិជាមួយលុយ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប៉ោយប៉ែតពីដើមជាតំបន់ពលរដ្ឋរត់ចោលដី តែពេលជាក្លាយជាតំបន់ដណ្តើមដីគ្នាហើយ

* សម្តេចតេជោ ហ៊ុន សែន និយាយលេងថា គិតចង់យកក្បាលកាក់ពីការលក់ដី ព្រោះសម្តេចបានដណ្តើមយកដីនោះពីរបបប៉ុលពត មកប្រគល់ជូនពលរដ្ឋ ដោយកសាងសន្តិភាព

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឡើងវិញថា សម្តេចនឹងមិនយកក្បាលកាកពីការលក់ដីទេ តែសូមឱ្យពលរដ្ឋបង់ពន់ត្រឹមត្រូវទៅបានហើយ

* សម្តេចតេជោ ហ៊ុន សែន រិះគន់ក្រុមប្រឆាំងថាជា «ក្រុមមុខលុយ» តែតាំងខ្លួនធ្វើសត្រូវជាមួយលុយ

* សម្តេចតេជោ ហ៊ុន សែន បានរិះគន់ថា ក្រុមប្រឆាំងរៃលុយដើម្បីបំផ្លាញជាតិ តែរាជរដ្ឋាភិបាលអត់បានប្រកាសរៃទេ សប្បុរសជនចូលរួមដោយខ្លួនឯង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាយទាហានតាមព្រំដែន ភាគច្រើនគឺសប្បុរសបានចូលរួមជួយ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋជាខឿនការពារជាតិ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងចង់ធ្វើនយោបាយឯកោនិយមក៏ស្រេចចិត្ត

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងចង់ឱ្យសម្តេចឆ្លើយតបជាមួយខ្លួន តែសម្តេចមិនឆ្លើយតបជាមួយមេធំទេ សម្តេចឆ្លើយតបជាមួយអ្នកបង្ហោះហ្វេសបុកប៉ុណ្ណោះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងចង់ឱ្យសម្តេចឆ្លើយតប ដើម្បីកុំឱ្យសាធារណជនភ្លេចខ្លួនគេ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការអន្តរាគមន៍ទាន់ពេលវេលា ពលរដ្ឋអាចនឹងស្លាប់ដោយទឹកជំនន់ច្រើនជាងនេះ

* សម្តេចតេជោ ហ៊ុន សែន សុំអភ័យទោសពលរដ្ឋ ចំពោះការនិយាយដោយប្រើពាក្យអសុរស នៅមុននេះ

* បន្ទាប់ពីជូនពរជនរួមជាតិ សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង១០៖២៥ ព្រឹកថ្ងៃដដែលនេះ៕