(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្កាត់លើចម្ងាយផ្លូវជាង ៤០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តបន្ទាយមានជ័យ ដើម្បីបានពិនិត្យដោះស្រាយ និងចែកស្បៀងអាហារដោយផ្ទាល់ដៃជូនពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់។

នៅថ្ងៃទី២១ ខែតុលា នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើពិធីសំណេះសំណាល និងចែកស្បៀងអាហារនៅគោលដៅចំនួនពីរ ដែលមានប្រជាពលរដ្ឋចូលរួមរហូតដល់ទៅ ១ម៉ឺននាក់។ ក្រៅតែពីការសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅលើដីគោកហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចុះទូកសាកសួរសុខទុក្ខ និងនាំស្បៀងជូនពលរដ្ឋកំពុងរស់នៅតាមផ្ទះ មិនទាន់ភៀសខ្លួនផងដែរ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានពន្យល់ថា មូលហេតុដែលនាំឱ្យសម្តេចត្រូវចុះមកកាន់ខេត្តបន្ទាយមានជ័យដោយផ្ទាល់ ព្រោះតែខេត្តបន្ទាយមានជ័យ ជាខេត្តរងការលិចលង់ខ្លាំងជាងគេ ក្នុងចំណោមរាជធានី-ខេត្តរងគ្រោះដោយជំនន់ទឹកភ្លៀងនោះ។ បន្ថែមពីលើនោះខេត្តក៏មានប្រជាពលរដ្ឋរងគ្រោះច្រើនគ្រួសារធ្វើឱ្យការចែកស្បៀងអាហាររបស់អាជ្ញាធរថ្នាក់ខេត្តមិនបានលឿន ដូច្នេះសម្តេចត្រូវចុះមកដោយផ្ទាល់ ដើម្បីបង្កើនល្បឿនក្នុងការចែកស្បៀងអាហារនេះជូនប្រជាពលរដ្ឋ។

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលធ្លាប់រងនូវភាពវេទនាយ៉ាងខ្លាំងព្រោះតែភ្លើងសង្គ្រាម និងក្រោយពីប្រទេសនេះរំដោះចេញពីរបបប្រល័យពូជាសាសន៍ ប៉ុល ពត ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ដូច្នេះការលំបាក និងភាពវេទនាដោយគ្រោះទឹកជំនន់នៅឆ្នាំ២០២០នេះ មិនមែនជារឿងថ្មីថ្មោងនោះឡើយ សម្រាប់ប្រជាជន និងសម្រាប់ប្រទេសកម្ពុជាទាំងមូល។ ស្ថានភាពលំបាក វេទនា និងគ្រោះអាសន្នផ្សេងៗ កម្ពុជាបានឆ្លងកាត់ជាច្រើនមកហើយ។

នៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះសម្តេចតេជោ បានថ្លែងថា ក្នុងនាមជាមេដឹកនាំរបស់កម្ពុជារយៈពេលជិត ៤០ឆ្នាំរាប់ត្រឹមការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ១៩៨៥មកនោះ សម្តេចមិនដែលមានទម្លាប់រត់ចោលប្រជាពលរដ្ឋពេលមានទុក្ខលំបាកនោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «វត្តមានរបស់ខ្ញុំនៅទីនេះ គឺបញ្ជាក់បង្ហាញថា ខ្ញុំមិនដែលបានដើរចោលប្រជាពលរដ្ឋណាម្នាក់ម្តងណាទេ។ នៅពេលប្រជាពលរដ្ឋជួបការលំបាក គឺខ្ញុំនឹងចេញមុខ នៅពេលប្រជាពលរដ្ឋមានការសប្បាយរីករាយមិនសូវឃើញមុខខ្ញុំទេ។ ប៉ុន្តែនៅពេលប្រជាជនជួបការលំបាក គេច្រើនឃើញមុខខ្ញុំ»។

ប្រជាពលរដ្ឋដែលបានចូលរួមសំណេះសំណាល និងទទួលអំណោយពីសម្តេចតេជោនាយករដ្ឋមន្ត្រី បើទោះបីថាពួកគេកំពុងរងការលំបាកព្រោះទឹកជំនន់យ៉ាងណាក្តី តែក៏មានក្តីរីករាយ និងកក់ក្តៅ ពេលបានឃើញសម្តេចតេជោចុះមកដល់ទីតាំងដែលពួកគេកំពុងលិចលង់។ ប្រជាពលរដ្ឋរងគ្រោះទាំងនេះ បានលើកឡើងថា អំណោយស្បៀងអាហារដែលសម្តេចតេជោ បាននាំមកជូនពួកគេ គឺមានតម្លៃអាចជួយរំដោះការខ្វះខាតរបស់ពួកគេបានមួយគ្រាទម្រាំទឹកស្រកទៅវិញ។

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំ ចំពោះការខ្វាយខ្វល់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ពួកគេបានមើលឃើញថា សម្តេចតេជោជាមេដឹកនាំដ៏ល្អមួយរូប ដែលបានតែងតែតម្កល់សុខទុក្ខប្រជាពលរដ្ឋជាប់ជាមួយខ្លួនជានិច្ច៕