(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបាននូវការឧបត្ថម្ភអង្ករចំនួន ២០តោន ពីឧកញ៉ា ឌួង ឆាយ និងលោកស្រី ព្រមទាំងសហការី ដើម្បីចែកជូនបន្ដដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

សាលារាជាធានីភ្នំពេញ សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា ដែលបានចូលរួមឧបត្ថម្ភជាអង្ករចំនួន២០តោនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើ​សម្រាប់ចែកបន្ដជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពិសេសប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ លោកឧកញ៉ា ឌួង ឆាយ បានថ្លែងថា អង្ករ២០តោននេះ គឺបានមកពីមូលនិធិរបស់លោក ដែលបានបរិច្ចាគពីបងប្អូន និងសប្បុរសជននានា ដែលបានចូលរួមផ្តល់​ដេីម្បីជួយប្រជាពលរដ្ឋ​យេីងដែលរងគ្រោះ​ដោយទឹកជំនន់ទាំងនៅភ្នំពេញ និងតាមខេត្តមួយចំនួ នទៀត។

ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា លោកជំទាវ សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភ សម្រាប់ជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់។

លោកអភិបាលបានសន្យានឹងនាំយកអំណោយទាំងនោះទៅជួយដល់ដៃប្រជាពលរដ្ឋរងគ្រោះហើយបើនៅសេសសល់នឹងបន្តយកទៅជួយជនក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើអោយម្ចាស់អំណោយខកចិត្តឡើយ។

សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជា បានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាតនឹងធ្វើការប៉ាន់ប្រមាណបូកសរុបបន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕