(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រចាំការនៅគោលដៅត្រៀមសង្គ្រោះ បានបន្តជួយដឹកជញ្ជូនសម្ភារៈ និង ជូនប្រជាពលរដ្ឋ ត្រឡប់ចូលផ្ទះពួកគាត់វិញជាបណ្តើរៗ ព្រមទាំងជួយដុសលាងបោសសំអាតផ្ទះសម្បែង ជូនដល់ពួកគាត់ នៅតាមតំបន់ដែលមានទឹកស្រក ជួយច្រកដីទប់ទឹកកុំឲ្យហូរចូលផ្ទះពួកគាត់ ជាបន្តបន្ទាប់ និងសំអាតបរិស្ថានជុំវិញបរិវេណគោលដៅឈរជើង គ្រប់ពេល។

ការបំពេញតួនាទីសង្គ្រោះនិងបម្រើពលរដ្ឋ ដោយម៉ឹងម៉ាត់នេះ គឺធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ ដែលជានិច្ចកាលលោកតែងតែអនុវត្តតាម គំរូដឹកនាំ របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕