(ភ្នំពេញ)៖ នៅក្នុងកម្មវិធី «កិច្ចសម្ភាសការងារប្រចាំខែតុលា» ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនធំៗចំនួន៤ នៅថ្ងៃនេះ ជាលទ្ធផលឃើញថា មានសិស្ស/និស្សិត យុវជន អ្នកស្វែងរកការងារធ្វើ បានមកដាក់ពាក្យ និងសម្ភាសផ្ទាល់ ចំនួន១១៨នាក់ (ស្រី ៦៧នាក់) ដែលក្នុងនោះ បេក្ខជនចំនួន០៥នាក់ជាប់ជាស្ថាពរ និង ៨០នាក់ទៀតជាប់បឋមជាមួយក្រុមហ៊ុនទាំង៤។

ក្រុមហ៊ុនធំៗទាំង៤ ដែលបានចូលរួមក្នុង«កិច្ចសម្ភាសការងារប្រចាំខែតុលា» ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖
ធនាគារ ហត្ថា ម.ក, ក្រុមហ៊ុន AIA Cambodia PLC, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance, ក្រុមហ៊ុន Elite Hospitality & Trading Co., Ltd ។

គួរបញ្ជាក់ផងដែរថា កម្មវិធី «កិច្ចសម្ភាសប្រចាំខែ» គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕