(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំទាំង៣នោះរួមមាន៖ ១៖ កិច្ចប្រជុំលើកទី៤២ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ២៖ កិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាននិងប្រទេសបូក៣ (ចិន កូរ៉េ និងជប៉ុន) និង៣៖ កិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤២ និងកិច្ចប្រជុំអមជាមួយផ្សេងទៀត ពិនិត្យ និងពិភាក្សាលើ៖

១៖ ការផ្លាស់ប្តូរទិដ្ឋភាពទូទៅ ក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជម្ងឺកូវីដ ១៩ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ និងពិភាក្សាលើលទ្ធភាពសម្រាប់កិច្ច សហប្រតិបត្តិការក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាត និងជួយគាំទ្រគ្នាទៅវិញទៅមក នៅក្រោយពេលបញ្ចប់ការរាតត្បាត។

២៖ របាយការណ៍វឌ្ឍនៈភាព នៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ ២០១៩-២០២០

៣៖ សំណើសុំការអនុម័តយល់ព្រមពីរដ្ឋមន្រ្តីអាស៊ាន និងព្រៃឈើ
* ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃការអនុវត្តចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ សម្រាប់កិច្ចសហប្រតិបត្តិការ អាស៊ាន លើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ឆ្នាំ២០១៦-២០២៥ និងផែនការសកម្មភាពតាមវិស័យឆ្នាំ ២០១៦-២០២០។
* កិច្ចការអាទិភាពទាក់ទងនឹងវិស័យស្បៀង កសិកម្ម និងព្រៃឈើ ដែលនឹងអាចសម្រេចបាននៅក្នុងឆ្នាំ២០២១។
* ក្របខ័ណ្ឌសមាហរណកម្មសន្តិសុខស្បៀងអាស៊ាន និងផែនការសកម្មភាពយុទ្ធសាស្ត្រ សន្ដិសុខស្បៀងឆ្នាំ ២០២១-២០២៥។
* ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ាន សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យផលិតកម្មសត្វឆ្នាំ២០២០-២០២៥។
* លិខិតស្នើសុំសម្រាប់មជ្ឈមណ្ឌលបញ្ជាក់ ឯកសារយោងថ្នាក់តំបន់ លើការគ្រប់គ្រងជីវហានិភ័យ និងការធានាគុណភាពនៅប្រទេសសិង្ហបុរី។
* ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ាន សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យដំណាំ ឆ្នាំ២០២១-២០២៥។
* ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ាន សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យជលផល ឆ្នាំ២០២១-២០២៥។
* ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ាន សម្រាប់កិច្ចសហការរវាងមន្រ្តីបង្គោល ទទួលបន្ទុកកិច្ចការអនាម័យ និង ភូតគាមអនាម័យ ឆ្នាំ២០២១-២០២៥។
* ដំណោះស្រាយ និងផែនការសកម្មភាព ទាក់ទងនឹងអាជីវកម្មនេសាទ ប្រកបដោយចិរភាពសម្រាប់សន្តិសុខស្បៀង នៅតំបន់អាស៊ាន ឆ្ពោះទៅឆ្នាំ២០៣០។
* ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ លក្ខខណ្ឌយោង និងនីតិវិធីបញ្ញាតិ្តសម្រាប់បណ្តាញអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ គ្មានរបាយករណ៍ និងគ្មានការអនុញ្ញាត។
* ការអនុវត្តវារីវប្បកម្មល្អរបស់អាស៊ាន ដោយផ្ដោតលើចំណីត្រី ៖ ការណែនាំសម្រាប់គ្រូបង្គោល។
* កំណែសម្រួលលក្ខណៈវិនិច្ច័យ និងសូចនាកររបស់អាស៊ាន សម្រាប់ភាពស្របច្បាប់នៃឈើ។
* គោលការណ៍ណែនាំរបស់អាស៊ាន សម្រាប់អាជីវកម្មប្រមូលផលព្រៃឈើ ប្រកបដោយនិរន្តរភាព និងពិធីសារគ្រប់គ្រង ធនធានសម្រាប់អនុផលព្រៃឈើ ដែលបានកំណត់មួយចំនួន។
* គោលការណ៍ណែនាំ អំពីភូតគាមអនាម័យ របស់អាស៊ានសម្រាប់ការនាំចូលផ្លែមង្ឃុត។
* បញ្ជីកម្រិតអតិបរមា នៃកាកសំណល់ថ្នាំកសិកម្មចំនួន៤មុខ របស់អាស៊ានដែលបានធ្វើសុដុមនីយកម្ម ៖ Deltamethrin នៅក្នុងផ្លែខ្នុរ (០,២ mg /kg ) Trifloxystrobin ក្នុងស្លឹកគុយរី (៣ មី mg /kg) Carbaryl ក្នុងផ្លែមង្ឃុត (២០ mg /kg) Metalaxyl ក្នុងផ្លែក្រូចថ្លុង (០,៨ mg /kg)
* ស្តង់ដារអាស៊ានសម្រាប់៖ ១.ផ្លែស្ត្រប៊េរី ២.ផ្សិតចំបើង និង ៣.ដំឡូងជ្វាព៌ណស។
* គោលការណ៍ណែនាំសម្រាប់តំបន់អាស៊ាន អំពីការអនុវត្តស្តង់ដារអន្តរជាតិ ដែលទាក់ទងនឹងវិធានការអនាម័យ និង ភូតគាមអនាម័យ។
* ឯកសារទស្សនទាន ស្តីពីការលើកកម្ពស់បណ្តាញ សម្រាប់ការអភិវឌ្ឍផលិតផល នៅជនបទរបស់អាស៊ានទាក់ទង នឹងភូមិមួយផលិតផលមួយ។
* ផែនការសកម្មភាពអាស៊ាន សម្រាប់ការគ្រប់គ្រងដង្កូវហ្វូង ឆ្នាំ២០២០-២០២៥៕

នៅរសៀលថ្ងៃដដៃល លោក វេង សាខុន បានបន្តដឹកនាំកិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាននិងប្រទេសបូក៣ (ចិន កូរ៉េ និងជប៉ុន) និង ៣. កិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានឥណ្ឌា។ ក្រោយពីបានពិនិត្យ និងពិភាក្សារួចមកកិច្ចប្រជុំបានសម្រេចនូវលទ្ធផលដូចខាងក្រោម៖ កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន បូកបី (ចិន កូរ៉េ និងជប៉ុន) * ការពង្រឹងសន្តិសុខស្បៀង ការគ្រប់គ្រងព្រៃឈើប្រកប ដោយចិរភាព ការកាត់បន្ថយ និងការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ ការត្រួតពិនិត្យជំងឺ និងសុខភាពសត្វនិងរុក្ខជាតិ ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងប្រព័ន្ធព័ត៌មាន និងបណ្តាញផ្ដល់និងផ្លាស់ប្ដូរ ចំណេះដឹង ការធ្វើឲ្យប្រសើរឡើងនូវផលិតភាព គុណភាព និងប្រព័ន្ធទីផ្សារផលិតផលកសិកម្ម និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ * ការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោងប្រព័ន្ធ ដើម្បីជួយបង្កើនតម្លៃបន្ថែម ដល់ផលិតផលកសិកម្មរបស់កសិករខ្នាតតូច * តាមរយៈកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់នៅឆ្នាំ២០២០ នេះកម្ពុជានឹងទទួលបានអង្ករចំនួន៣០០តោន កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា * ឯកភាពលើផែនការសកម្មភាព រយៈពេលមធ្យមសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា លើវិស័យកសិកម្ម និងព្រៃឈើឆ្នាំ២០២១-២០២៥ និងបានដាក់ភារៈកិច្ចដល់ឧត្ដមមន្រ្តីរបស់យើង អនុវត្តឲ្យបានពេញលេញនូវផែនការសកម្មភាព ជាពិសេសគម្រោងអាទិភាព ដែលទាក់ទងនឹងអាហារូបករណ៍ អាស៊ាន-ឥណ្ឌាសម្រាប់ការសិក្សាកម្រិតខ្ពស់ អំពីកសិកម្ម ការផ្លាស់ប្ដូរទស្សនៈកិច្ចសិក្សាសម្រាប់កសិករ នៅអាស៊ាន និងឥណ្ឌា កសិកម្មមានភាពវៃឆ្លាតជាមួយនឹងអាកាសធាតុ ការប្រើប្រាស់រូបូត និងដ្រោនក្នុង ផលិតកម្មកសិកម្ម និងរលកអេឡិចត្រូម៉ាញេទិច ក្នុងការកែច្នៃម្ហូបអាហារ ការលើកកម្ពស់ការប្រើបច្ចេកវិទ្យា ក្រោយពេលប្រមូលផលសម្រាប់ផ្លែឈើ និងបន្លែ និងការគ្រប់គ្រងសុខភាព និងជំងឺឆ្លងដែនក្នុងវិស័យកសិកម្ម៕