(ភ្នំពេញ)៖ លោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ដោយមានការសហការជាមួយពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះចែកអំណោយជាគ្រឿងឧបភោគ បរិភោគដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យចំនួន ៧៣ គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកមេធាវី គី តិច បានឱ្យដឹងថា អំណោយដែលបាននាំមកផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នាឱកាសនេះ គឺបានមកពីការចូលរួមពីសំណាក់ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន។

បើទោះបីទឹកស្រកទៅវិញខ្លះក៏ពិតមែន ប៉ុន្តែ ប្រជាពលរដ្ឋនៅទីនេះ នៅតែប្រឈមនឹងឧបសគ្គជាច្រើនក្នុងការរស់នៅលើបញ្ហាអនាម័យ ដូច្នេះ លោកមេធាវី គី តិច ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅទីតាំងរងគ្រោះដោយសារទឹកជំនន់សូមមេត្តាថែរក្សាអនាម័យ សុខភាព ដើម្បីបង្កាការឆ្លងជំងឺ ដែលហូរមកតាមទឹកកង្វក់ជាដើម។

បន្ថែមពីនេះលោកមេធាវី គី តិច ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីការគិតគូប្រកបដោយទឹកចិត្តស្រឡាញ់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបនូវវិបិត្តរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលជានិច្ចកាលសម្ដេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គ្រប់ពេលវេលាគ្រប់វិនាទី ដោយមិនទុកឱ្យបងប្អូនរងាឯកោនោះទេ គឺសុខចិត្តនៅរួមសុខ រួមទុក្ខជាមួយពលរដ្ឋ ជារៀងដរាប។

ទន្ទឹមនឹងនេះដែរ លោកមេធាវី គី តិច បានបន្តថា ដែលនិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលពួកគាត់មានជីវភាពខ្វះខាត ខ្វះការគាំពារ គឺសម្តេចទាំងទ្វេរបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើប្រជាពលរដ្ឋទូទាំងប្រទេស។

ជាមួយនឹងការចុះសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៧៣គ្រួសារនេះដែរ លោកមេធាវី គី តិច បានលើកឡើងថា ភ្លាមៗ ក្រោយពេលប្រជាពលរដ្ឋកំពុងជួបគ្រោះទឹកជំនន់ សម្តេចតេជោ ហ៊ុន សែន បានជ្រែកខ្លួនចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះ នៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីសង្គ្រោះប្រជាពលរដ្ឋនៅតំបន់នោះដែលកំពុងមានការលិចលង់ខ្លាំង ក្នុងចំណោមបណ្តារាជធានី-ខេត្តទាំង១៩។

លោកមេធាវី គី តិច បានបញ្ជាក់ជូនប្រជាពលរដ្ឋថា ចំពោះការលិចលង់ដោយសារទឹកជំនន់នាពេលនេះ មិនមែនបណ្តាមកពីការធ្វេសប្រហែស ឬកំហុសរបស់អាជ្ញាធរមូលដ្ឋាន ឬថ្នាក់ដឹកនាំ ឬរាជរដ្ឋាភិបាល ណាមួយបង្កនោះឡើយ គឺបណ្តាលមកពីគ្រោះធម្មជាតិ ខណៈប្រទេសជិតខាងកម្ពុជា រួមមាន ប្រទេសវៀតណាម ថៃ ក៏បានជួបនូវគ្រោះធម្មជាតិខ្លាំងជាងប្រទេសកម្ពុជានេះផងដែរ។

បន្ថែមពីនេះ លោកមេធាវី គី តិច បានគូសបញ្ជាក់ថា តាមរយៈការយកចិត្តទុកដាក់ពីបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ ខ្វះលទ្ធភាពការពារតាមផ្លូវច្បាប់ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្កើតឱ្យមានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីជួយការពារយុត្តិធម៌ជូនស្ត្រីក្រីក្រផងដែរ។

ក្រោយស្តាប់ការលើកឡើងរបស់លោកមេធាវី គី តិច រួចមកប្រជាពលរដ្ឋទាំងអស់មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មកលើពួកគាត់ ដែលជាប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារទឹកជំនន់ផងដែរ។

បើតាមលោក ពេជ្រ កែវមុនី បានឱ្យដឹងថា ចំពោះសង្កាត់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុង ភូមិសាស្ត្រខណ្ឌមានជ័យ មានចំនួន ០៥សង្កាត់ ស្មើនឹង ១,២៨៣ គ្រួសារ ក្នុងនោះទី១៖ សង្កាត់ចាក់អង្រែលើចំនួន ៥៥៧គ្រួសារ, ទី២៖ សង្កាត់ចាក់អង្រែក្រោមចំនួន ១០៥ គ្រួសារ, ទី៣៖ សង្កាត់បឹងទំពន់ទី១ ចំនួន ១០០ គ្រួសារ, ទី៤៖ សង្កាត់បឹងទំពន់ទី២ចំនួន ២៤១គ្រួសារ និងទី៥សង្កាត់ស្ទឹងមានជ័យទី ៣ចំនួន ២៨០គ្រួសារ។

សូមបញ្ជាក់ថា នាថ្ងៃទី២០ ខែតុលា ម្សិលមិញ លោកមេធាវី គី តិច ក៏បានដឹកនាំក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចូលរួមនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ៦០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ៕