(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀងតាមតំបន់មួយចំនួន ក្នុងក្រុងកំពង់ចាម។

អភិបាលក្រុងកំពង់ចាម លោក ចាន់ ផល្លី បានឲ្យដឹងថា ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យតំបន់មួយចំនួនស្ថិតនៅក្នុងសង្កាត់បឹងកុក បានរងនៅជំនន់ទឹកភ្លៀង បណ្ដាលឱ្យទឹកហូរកាត់ផ្លូវ ខូចខាតមួយចំនួន។

លោកអភិបាលក្រុងឲ្យដឹងទៀតថា ជំនន់ទឹកភ្លៀងនេះបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងភូមិបឹងកុក២ ប្រមាណ១០គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋចំនួន៣៥៥៨នាក់រស់នៅក្នុងសង្កាត់។

លោកអភិបាលក្រុង បានបញ្ជាក់ផងដែរថា បន្ទាប់ពីលោកអភិបាលខេត្ត បានដឹកនាំក្រុមមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យភូមិសាស្ត្រដែលមានជំនន់ទឹកភ្លៀងនេះ លោកបានចេញវិធានការ ឱ្យមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រៀបចំគ្រឿងចក្រដើម្បីកាយដី នៅចំណុចមួយចំនួន ដែលបង្កឲ្យស្ទះទឹកភ្លៀង នឹងត្រូវរៀបចំប្រព័ន្ធលូមួយចំនួនទៀត ដើម្បីកុំឲ្យស្ទះទឹកហូរផងដែរ៕