(ភ្នំពេញ)៖ បុរសក្រខ្សត់ម្នាក់បានជួបគ្រោះថ្នាក់ខ្សែភ្លើងឆក់ បណ្ដាលឱ្យរងរបួសស្ទើរស្លាប់ស្ទើររស់ ក្រោយជួបគ្រោះថ្នាក់នេះភ្លាម ជនរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅរាជធានីភ្នំពេញ តែជាអកុសល ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ទើបតម្រូវឱ្យគ្រូពេទ្យកាត់ដៃទាំងគូរបស់គាត់ចេញ។

បុរសរងគ្រោះខាងលើនេះមានឈ្មោះ អ៉ិន ម៉េងហ៉ី អាយុ២៩ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត រស់នៅភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងតាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។ នៅមុនពេលកើតហេតុ បុរសរងគ្រោះបានឡើងផ្សាផ្លាកយីហោយានដ្ឋានជួសជុលរថយន្ត ហើយក៏ត្រូវខ្សែភ្លើងឆក់ធ្លាក់មកលើដីតែម្ដង។ ប៉ុន្មានម៉ោងក្រោយមក គាត់ក៏ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពហុព្យាបាល អរុណរះ (ក្បែរផ្សារហេងលី)។

ស្ថានភាពគ្រោះថ្នាក់់នេះពិតជាធ្ងន់ធ្ងរណាស់ ដែលធ្វើឱ្យគ្រួសាររបស់លោក អ៉ិន ម៉េងហ៉ី ចំណាយលុយយ៉ាងច្រើនក្នុងការព្យាបាល ដោយគ្រួសាររបស់លោកបានលក់ដីស្រែ កេរអាករនៅស្រុកកំណើតអស់ហើយ តែនៅមិនអាចដោះស្រាយថ្លៃព្យាបាលគ្រប់ចំនួន។

ទោះបីចំណាយថវិកាដ៏ច្រើនយ៉ាងនេះក្ដី ក៏ដៃទាំងគូរបស់ជនរងគ្រោះបានបាត់បង់ម្ខាងមួយកំណាត់ៗទៅហើយ រីឯជើងទាំងពីរនោះទៀតសោត ក៏ត្រៀមនឹងកាត់ទាំងសងខាងទៀតដែរ ទាស់តែគ្រួសារគាត់គ្មានលុយសម្រាប់ការព្យាបាលនេះ។

ដូច្នេះហើយក៏សូមអំពាវនាវយ៉ាងទទូចដល់លោកអ្នកមានចិត្តសប្បុរស សូមមេត្តាជួយយកអាសារដល់បុរសកម្សត់រូបនេះផង ដោយហេតុថាលទ្ធភាពដែលគាត់ធ្លាប់មាននោះបានលះបង់អស់រលីងហើយ។ ម្យ៉ាងទៀត ដៃទាំងគូក៏បានបាត់បង់ទៅហើយ រីឯជើងទាំងសងខាងក៏នឹងត្រូវការកាត់ចេញទៀតដែរ តើគាត់នឹងមានសង្ឃឹមថាបានប្រកបការងារអ្វីបានទៀត។

ដើម្បីសម្រួលដល់ការចូលរួមជួយដល់ជនរងគ្រោះ ក្រុមការងារបានបង្ហាញលេខទូរស័ព្ទ ២ ខ្សែសម្រាប់ទាក់ទងព័ត៌មានបន្ថែម រួមមាន៖ 061 556 873 / 061 928 092 ៕