(ស្ទឹងត្រែង)៖ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានដឹកក្រុមការងារ ចុះទៅសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ចំនួន១០៥គ្រួសារ មកពីឃុំអន្លង់ភេ និងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់។

ពិធីចែកអំណោយ ត្រូវបានរៀបចំឡើង ក្នុងបរិវេណវត្តភូមិចំការលើ ក្រោមវត្តមានលោក ម៉ុម សារឿន អភិបាលខេត្ត លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយលោក លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្រ្តីរាជការខេត្ត និងមន្ត្រីសាលាស្រុកថាឡាបរិវ៉ាជាច្រើនរូប។

លោក ម៉ុម សារឿន បានថ្លែងថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះ ជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬពណ៍សម្បុរអ្វីឡើយ។

លោកបន្តថា ក្រោយពីទទួលបានដំណឹងថា មានប្រជាពលរដ្ឋខេត្តស្ទឹងត្រែង រងគ្រោះដោយជំនន់ទឹកភ្លៀង សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាចំនួន៥០,០០០ដុល្លារ ដល់គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយទឹកជំនន់ នៅក្នុងខេត្ត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀង បានកើតឡើងចាប់ពីថ្ងៃទី១០ តែតុលា រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ទឹកបានចាប់ផ្តើម ស្រកចុះវិញ ដោយបានបង្កឲ្យមានផលប៉ះពាល់ លើភូមិចំនួន១៣ឃុំ ក្នុងស្រុកថាឡាបរិវ៉ាត់ និងបានជន់លិចផ្ទះ ប្រជាពលរដ្ឋចំនួន៨៥១ខ្នងផ្ទះ មានប្រជាពលរដ្ឋចំនួន ៩២៣គ្រួសារ ស្មើនិង៣៣៧៧នាក់។

ក្នុងនោះ ជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះ ចំនួន៥៥គ្រួសារ ស្មើនិង១៦៨នាក់ និងបណ្តាលឲ្យប៉ះពាល់ផលដំណាំស្រូវ ៣២៧ហិកតា ខូច១៧១ហិកតា ប៉ះពាល់ដំណាំរួមផ្សំ៣០ហិកតា ខូច២២ហិកតា និងរងផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ សាលារៀន វត្តអារ៉ាមជាច្រើនកន្លែងផងដែរ។

សូមបញ្ជាក់ផងដែរថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋចំនួន១០៥គ្រួសារ តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង នាពេលនេះ រួមមាន៖ ក្នុងមួយគ្រួសារទទួល បានអង្ករ២៥គីឡូក្រាម ទឹកស៊ីអីវ១យួរ ត្រីខកំប៉ុង១យួរ ទឹកសុទ្ធ១កេស និងមុងច្រលក់ថ្នាំចំនួន១៕