(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន លើបញ្ហាគ្រាប់មីននេះ ក្នុងតំបន់រងទឹកជំនន់ ពិសេសព្រំដែនកម្ពុជា-ថៃ ព្រោះថាជំនន់ទឹកភ្លៀង បានហូរនាំនូវដីល្បាប់ដែលមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទៅលើទីតាំងសុវត្ថិភាពមួយចំនួន បង្កឲ្យមានហានិភ័យជាថ្មី សម្រាប់ប្រជាពលរដ្ឋ។ 

លោក ហេង រតនា បានលើកឡើងថា ដោយសារតែបញ្ហាទឹកជំនន់ គឺអាចធ្វើឲ្យហូរនាំគ្រាប់មីន និងសំណល់ជាតិផ្ទុះ ទៅតំបន់ដែលមានសុវត្ថិភាពផ្សេងៗ ដែលហេតុធ្វើឲ្យប្រជាពលរដ្ឋយល់ថា តំបន់ទាំងនោះមិនមានគ្រាប់មីន និងសំណល់ជាតិផ្ទុះនោះទេ។

ជាមួយគ្នានោះ លោកក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ និងកំពុងរងទឹកជំនន់ តាមតំបន់ព្រំដែន កម្ពុជា-ថៃ មេត្តាបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះតំបន់រងទឹកជំនន់ទាំងនេះ ក៏ជាតំបន់នៅមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

បន្ថែមពីនោះទៀត លោក ហេង រតនា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនជួបប្រទះ ឬសង្ស័យសុំធ្វើការទាក់ទងផ្តល់ព័ត៌មាន មកអាជ្ញាធរមូលដ្ឋាន ឬកម្លាំងកងខេមរភូមិន្ទ ឬកម្លាំងប៉ូលីស ឬកម្លាំងស៊ីម៉ាក់ ដើម្បីបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនោះ ជូនធានាសុខសុវត្ថិភាព។

សូមជម្រាបថា ជំនន់ទឹកភ្លៀងកំពុងប៉ះពាល់១៩ រាជធានី-ខេត្តរួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

បើតាតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជា បានទទួលរងផល ប៉ះពាល់នៅក្នុង១៩រាធានី-ខេត្ត។

ក្នុងនោះ មានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ៤១៧,៣៩២នាក់, ប្រជាជនបានជម្លៀស មកទីទួលសុវត្ថិភាពចំនួន១០,៥៨៣គ្រួសារ ស្មើប្រមាណ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់៕