(ភ្នំពេញ)៖ កម្មវិធី «ស្ត្រី និងកីឡា រត់ដើម្បីសេចក្តីស្រឡាញ់» (Women and Sport-Run for Love) បានកំណត់យកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ រៀបចំជាលើកទី៣ ដើម្បីអបអរថ្ងៃនៃសេចក្ដីស្រឡាញ់ និងជំរុញឲ្យយុវជនឲ្យចូលរួមលេង កីឡា ខណៈកម្មវិធីនេះ នឹងចាប់ផ្ដើមនាម៉ោង ៦៖០០នាទីព្រឹក នៅបរិវេណនៃមជ្ឈមណ្ឌលកម្សាន្ដកោះពេជ្រ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំកម្មវិធី Women and Sport-Run for Love នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាលើកទី៣ហើយ ដែលថ្នាក់ដឹកនាំអូឡាំពិកបានបង្កើតកម្មវិធីរត់ប្រណាំងលក្ខណៈកម្សាន្តនេះឡើង ។

លោកបន្ដថា ដើម្បីបំផុសសកម្មភាពស្ដ្រីឲ្យចូលរួមលេងកីឡាកាន់តែច្រើនឡើងៗ ស្របតាមគោលដៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឆ្ពោះទៅឆ្នាំ ២០២៣ នៃការធ្វើជាម្ចាស់ផ្ទះកីឡា SEA Games នោះ ឆ្នាំនេះគណៈកម្មការបច្ចេកទេស បានត្រៀមរៀបចំកម្មវិធីរត់ប្រណាំង និងល្បែងកម្សាន្ដជាច្រើន សម្រាប់ផ្ដល់ឱកាសឲ្យស្ដ្រីបានចូលរួម ជាពិសេសគឺវិញ្ញាសារត់ប្រណាំងជើង៣ តែម្ដង ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺចំថ្ងៃទី១៤ ខែកុម្ភៈ មិនមែនជាការរៀបចំឡើងដើម្បីអបអរថ្ងៃ Valentine’s Day នោះទេ គឺយើងធ្វើដើម្បីអបអរថ្ងៃនៃសេចក្ដីស្រឡាញ់ សាមគ្គីភាព មិត្តភាព និងការបំផុតឲ្យស្ដ្រីចូលរួមលេងកីឡា ។ ម្យ៉ាងវិញទៀត គឺដើម្បីនាំយុវវ័យឲ្យលេងកីឡា ចៀសវាងការយកថ្ងៃទី១៤ កុម្ភៈ នោះទៅធ្វើអ្វីក្បត់នឹងប្រពៃណី ដែលជាការយល់ខុសរបស់យុវវ័យមួយចំនួននាពេលបច្ចុប្បន្ន ថាជាថ្ងៃបុណ្យសង្សារទៅវិញ»

គួរបញ្ជាក់ថា ចំពោះវិញ្ញាសាដែលត្រូវដាក់ឲ្យប្រកួតក្នុងកម្មវិធីនេះ រួមមានវិញ្ញាសារត់ចម្ងាយ ៣គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងវិញ្ញាសាដើរចងជើងជាគូចម្ងាយ ២០០ម៉ែត្រ ។ លើសពីនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងមានរៀបចំ កម្មវិធីកម្សាន្ដជាច្រើនទៀតផងដែរ សម្រាប់យុវជនលេងកម្សាន្ដក្នុងឱកាសនោះ ដើម្បីបង្កើតជាទំនាក់ទំនងល្អ មិត្តភាព សាមគ្គីភាពជាដើម ៕