(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងគណៈកម្មាធិការនីតិសម្បទាន និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកិច្ចពិភាក្សាគ្នា ដើម្បីស្វែងរកលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើកិច្ចការអភិវឌ្ឍសម្រាប់ឆ្នាំ២០២១-២០២២។

កិច្ចពិភាក្សាបានធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ កិច្ចពិភាក្សានេះ ភាគីទីភ្នាក់ងារកយកា-KOICA ដឹកនាំដោយ លោក នោ ហ្យន់ជូន(Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចំាប្រទេសកម្ពុជា ខណៈភាគីកម្ពុជាដឹកនាំដោយលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាអំពីដំណើរការសម្រាប់ការរៀបចំសកម្មភាពរបស់ទីភ្នាក់ងារកយកា-KOICA ស្តីពីការរាតត្បាតសកលរបស់វីរុសកូរ៉ូណា និងផែនការរបស់កយកាសម្រាប់ឆ្នាំ២០២១ ក៏ដូចជាគម្រោងថ្មីៗរបស់កយកាសម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២២ និងដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីនាពេលអនាគត។

ក្នុងឱកាសនោះ លោក ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណចំពោះកយកានិងប្រជាជន ព្រមទាំងរដ្ឋាភិបាលកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកយកា ដែលគាំទ្រយ៉ាងសកម្មដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ និងសម្របសម្រួលការស្តារសេដ្ឋកិច្ចឡើងវិញ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩១-២០១៩ កយកា បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២៦៧.៧លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្តោតលើវិស័យអាទិភាពចំនួន៤ រួមមាន៖ ១) វិស័យគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ២) វិស័យអប់រំ ៣) វិស័យអភិវឌ្ឍជនបទ និង ៤) វិស័យដឹកជញ្ជូន។ ដោយឡែកសម្រាប់ឆ្នាំ២០២០នេះ ជំនួយឥតសំណង របស់កយកាដល់កម្ពុជាមានចំនួនសរុប ២៤.៥លានដុល្លារអាមេរិក។

នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កយកា បាននិងកំពុងគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជា ការដោះស្រាយផលប៉ះពាល់នៃជំងឺជំងឺ-១៩ ការគាំទ្រសំខាន់ៗ គឺគាំទ្រវិស័យសុខាភិបាលតាមរយៈ ទី១) ការអភិវឌ្ឍនិងការអនុវត្ត៥ឆ្នាំដំបូងនៃដំណើរឆ្ពោះទៅការអនុវត្តគម្រោងសុវត្ថិភាពសុខមាលភាពជាសកល (GHSA) ទី២) កម្មវិធីរបស់អ្នកស្ម័គ្រកូរ៉េ ដែលមានឈ្មោះថាមិត្តភត្តិរបស់កូរ៉េ(WFK) និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ ទី៣) ជំនួយចំនួន ៣០ម៉ឺនដុល្លារពីស្ថានទូតកូរ៉េ និងកយកា-KOICA រួមមាន (២០ម៉ឺនដុល្លារអាមេរិកតាមរយៈការផ្ទេរប្រាក់ដោយផ្ទាល់ និងការផ្តល់ឧបករណ៍ធ្វើតេស្តិ៍កូរីដ-១៩ ដែលមានតម្លៃសរុប ១០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា), ទី៤)កម្មវិធី ABCរបស់កូវីដ-១៩, ទី៥) ពង្រឹងបន្ថែម ប្រព័ន្ធសុខាភិបាលដើម្បីការពារនិងឆ្លើយតបចំពោះជំងឺឆ្លង និងទី៦)កម្មវិធីសមធម៌សុខភាពនិងការកែលំអគុណភាព (H-EQIP)៕