(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះបានចំអកឱ្យ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ដែលត្រូវបានប្រជាពលរដ្ឋថៃ ព្រមានយ៉ាងចាស់ដៃថា កុំឱ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសថៃ។

ថ្លែងចេញពីខេត្តបន្ទាយមានជ័យ គ្រាដែលសម្តេចចុះជួប និងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីភាពអាម៉ាស់របស់ លោក សម រង្ស៉ី រឿងធ្វើយុទ្ធនាគារម្រាមដៃ៣ ហើយប្រកាសថា ចូលរួមសាមគ្គីជាមួយប្រជាជនថៃ ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អញ្ចឹងខ្ញុំគ្រាន់តែផ្តាំផ្ញើ កំពុងតែទឹកជំនន់ផងកូវីដផង កុំរញ៉េរញ៉ៃ ហើយកុំទៅលើកម្រាមដៃ៣អី(ថា)ចូលរួមជាមួយថៃ ឃើញថៃគេដាក់ត្រឡប់មកវិញថា កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃ»

សម្តេចបានបន្តទៀតថា «អីណា ! ចង់សាមគ្គីភាពជាមួយនឹងការតស៊ូជាមួយប្រជាជនថៃ រឿងថៃរឿងរបស់ថៃ ខ្មែររឿងរបស់ខ្មែរ គ្រាន់តែបញ្ជាក់ជូនប៉ុណ្ណឹង តម្រូវការពេលនេះគឺកម្លាំងទាំងអស់ត្រូវប្រមូលផ្តុំជួយប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ន»

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅ លោក សម រង្ស៉ី ដែលកំពុងសម្ងំនៅក្រៅប្រទេស បានបង្ហោះបំផុសបំផុលតាម Facebook ដោយបង្ហោះរូបថតរបស់ខ្លួនលើកម្រាមដៃ៣ ហើយញុះញង់ឱ្យអ្នកគាំទ្រខ្លួនចូលរួមសាមគ្គីភាពជាមួយអ្នកតវ៉ានៅក្នុងថៃ ដែលកំពុងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលថៃ។

បន្ទាប់ពីមានការបំផុសបំផុលនេះ មានពលរដ្ឋថៃម្នាក់ឈ្មោះ Lertchai Jangjittin ប្រាប់លោក សម រង្ស៉ី «កុំឱ្យយកប្រជាធិបតេយ្យថៃ មកប្រៀបជាមួយកម្ពុជា ដែលមានប្រជាធិបតេយ្យរួចហើយ»

ពលរដ្ឋថៃម្នាក់នេះ បាន Comment ព្រមានលោក សម រង្ស៉ី ជាភាសាថៃ យ៉ាងអាម៉ាស់ដែលមានន័យបកជាភាសាខ្មែរយ៉ាងដូច្នេះថា៖ «ចង់ធ្វើនាយករដ្ខមន្រ្តី គឺទៅឈឈ្មោះបោះឆ្នោត អ្វីដែលអ្នកស្រែករឿងប្រជាធិបតេយ្យ ព្រោះអ្នកចង់ធ្វើជានាយករដ្ឋមន្រ្ដី តែផ្ទុយទៅវិញគឺបែជាសាងបញ្ហាឱ្យអ្នកប្រជាធិបតេយ្យថៃ មានជំលោះជាមួយរដ្ឋាភិបាលកម្ពុជា បើចង់ជំរុញប្រជាធិបតេយ្យនៅថៃ សូមកុំមកជ្រៀតជ្រែកកិច្ចការនយោបាយរបស់ប្រទេសថៃគឺល្អបំផុត»

ក្រៅពីចំអកចំពោះ លោក សម រង្ស៉ី ដែលធ្វើនយោបាយមិនប្រាកដប្រជា សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅ មេក្រុមឧទ្ទាមនេះទៀតថា សម្តេចបានស៊ើបដឹងអស់ហើយ អំពីផែនការធ្វើបាតុកម្មនៅមុខស្ថានទូតចិន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ សម្តេចបានអះអាងថា បាតុកម្មនេះត្រូវបានជំរុញដោយក្រុមប្រឆាំងនៅក្រៅប្រទេស ហើយប្រមូលមនុស្សពីតាមបណ្តាខេត្ត តែទោះជាយ៉ាងនេះក្តី សម្តេចបានព្រមានបង្ក្រាបបាតុកម្មនេះតែម្តង ដោយប្រដូចទៅនឹងរឿងនិទាន «ខន្តីញោម»

សម្តេចបានថ្លែងថា៖ «សូមផ្តាំ អ្នកដែលចង់មកធ្វើបាតុកម្មនៅមុខស្ថានទូតចិននៅទីក្រុងភ្នំពេញ ប្រយ័ត្នប្រយែង គេកំពុងតែទឹកលិចណា កុំមករញ៉េរញ៉ៃវើយប្រាប់ឱ្យហើយ និយាយគ្នាស្តាប់ឱ្យបានតិចថា "ខន្តិញោម"»

ខន្តីញោមជារឿងនិទានបែបកំប្លែងដែលនិយាយតៗគ្នាអំពីព្រះសង្ឃ១អង្គនិមន្តបិណ្ឌបាតតាមផ្លូវ គ្រានោះក៏មានស្រ្តី២នាក់ឈ្លោះគ្នា ហើយស្ត្រីម្នាក់ដែលទន់ខ្សោយ បានរត់មករកព្រះសង្ឃឱ្យជួយ។ នៅពេលដេញវ៉ៃស្រ្តីមកដល់ព្រះសង្ឃ ព្រះសង្ឃបានប្រាប់ឱ្យស្រ្តីម្នាក់ទៀតថា «ខន្តីញោម» ដែលមានន័យថាត្រូវអត់ធ្មត់លើកលែងទៅ ប៉ុន្តែនៅពេលស្រ្តីនោះមិនស្តាប់ហើយយកដុំថ្មគប់ត្រូវព្រះសង្ឃ ព្រះសង្ឃក៏អត់ទ្រាំមិនបាន ប្រាប់ឱ្យស្រ្តីម្នាក់ទៀតដែលទន់ខ្សោយនោះឱ្យកាន់បាតព្រះសង្ឃ ដើម្បីព្រះអង្គវ៉ៃស្រ្តីម្នាក់ទៀតតែម្តង។

សម្តេចបញ្ជាក់ទៀតថា «បាត់ខន្តីតែម្តង បាត់ខន្តី អញ្ចឹងខ្ញុំសូមជម្រាបថា មុខសញ្ញាដែលប្រុងឡើងមកភ្នំពេញ ឥឡូវគេមិនសូវយកអ្នកភ្នំពេញទេ គេរើសមកពីខេត្តដើម្បីមកឈរធ្វើបាតុកម្ម មុខសញ្ញាអ្នកឯងគ្រប់គ្រងបានហើយ ផ្តាំផ្ញើទៅកុំមកដាក់ញត្តិអីថ្ងៃ២៣តុលាហ្នឹង»