(ភ្នំពេញ)៖ សម្ដេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា សម្ដេចសង្ឃនាយករងទី៣ ប្រធានលេខាធិការដ្ឋានថេរសភា នៃព្រះពុទ្ធសាសនា នៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បាននិមន្ដប្រគល់ទេយ្យទាន ជូនរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចែកជូនបន្ដដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។

ទេយ្យទានដែលសម្ដេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា ប្រគល់ជូនរដ្ឋបាលខណ្ឌដង្កោ រួមមាន៖ អង្គរ២០តោន, មី២០០កេស, ទឹកដោះគោ១០កេស, ត្រីខ១០កេស, ទឹកស៉ីអ៉ីវ១០០យួរ, ទឹកត្រី១០០យួរ រួមនឹងថវិកាសរុបជាង២ម៉ឺនដុល្លារ។ ក្រៅពីការផ្តល់អំណោយដែលសរុបថវិកាជាង២ម៉ឺនដុល្លារនេះ សម្តេចសង្ឃនាយករងទី៣ ក៏បានឧបត្ថម្ភចំនួន២០លានរៀលទៀត ជូនដល់អាជ្ញាធរដើម្បីចាត់ចែងបន្តជួយជនរងគ្រោះដោយសារទឹកជំនន់។

មានសង្ឃដីកាក្នុងឱកាសនោះ សម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា បានបញ្ជាក់ថា ការនាំយកអំណោយមកឧបត្ថម្ភដល់រដ្ឋបាលខណ្ឌដង្កោនេះ គឺដើម្បីអនុវត្តន៍គាំទ្រយុទ្ធសាស្ដ្ររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ស្ទឹងព្រែកត្នោ។

ជាមួយគ្នានេះ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ក៏បានសម្តែងនៅក្តីរីករាយ និងគោរពថ្លែងអំណរគុណដល់ សម្តេចសង្ឃ និងព្រះអង្គគ្រប់ព្រះអង្គ ដែលបានផ្តល់អំណោយយ៉ាងច្រើន ជូនរដ្ឋបាលខណ្ឌនៅពេលនេះ។

លោកស្រីអភិបាលខណ្ឌ បានសន្យាថា នឹងនាំយកអំណោយទាំងអស់នេះ ទៅចែកជូនដល់ពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង លិចលង់ផ្ទះសំបែង ឲ្យបានគ្រប់ៗគ្នា ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់រងគ្រោះដោយអត់អាហារឡើយ។

បន្ទាប់ពីប្រគល់អំណោយ និងថវិកាជូនអភិបាលខណ្ឌហើយ សម្តេចសង្ឃនាយក ក៏បាននិមន្តយាងជិះទូក ដើម្បីពិនិត្យស្ថានភាពទឹកជំនន់ ប្រជាពលរដ្ឋ និងកងកម្លាំងដែលកំពុងជួយប្រជាពលរដ្ឋ ផងដែរ។

របាយការណ៍របស់លោកស្រី គឹម ញឹប បានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោ ដែលរងគ្រោះដោយជំនន់ស្ទឹងព្រែកត្នោត មានចំនួន៤២ភូមិ ក្នុង១១សង្កាត់ មាន៤,៩៦៣ខ្នងផ្ទះ ស្មើនឹង៥,៥៨៧គ្រួសារ៕