(ព្រៃវែង)៖ លោក ហួត សំណាង ប្រធាននាយកដ្ឋានបូរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា យុវជនមានសារសំខាន់ណាស់ ក្នុងការថែរក្សាវត្ថុបុរាណ ព្រោះយុវជន គឺជាទំពាំងស្នងឬស្សី ជាអ្នកស្នងនូវប្រពៃណីវប្បធម៌ ដូនតារបស់ខ្មែរយើងជំនាន់ក្រោយ បន្តទុកទៅថ្ងៃអនាគត ដូច្នេះយុវជនត្រូវចូលរួមលើកស្ទួយ ថែរក្សាសម្បត្តិវប្បធម៌ សិល្បៈប្រពៃណីជាតិរបស់ខ្មែរ នៅគង់វង្សជានិរន្តន៍ ។

ការថ្លែងលើកឡើងរបស់លោក ហួត សំណាង បែបនេះ គឺនៅក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងបញ្ជ្រាបចំណេះដឹងជាសាធារណៈលើវិស័យវប្បធម៌ អំពីបទល្មើស នៃការជួញដូរចរាចរបំផ្លិចបំផ្លាញ និងការជីករុករកវត្ថុបុរាណ ដោយខុសច្បាប់ដែលស្ថិតវត្តវិហាធំ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ដែលមានការអញ្ជើញ ចូលរួមពីលោក អ៊ុក សេរីវុធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តអាជ្ញាធរដែនដី យុវជន សសយក យុវជនកាកបាទក្រហម និងសិស្សានុសិស្ស ប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

លោក ហួត សំណាង បានបន្តទៀតថា ក្នុងកិច្វការងារនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបញ្ជ្រាបនូវចំណេះដឹងដល់យុវជនជំនាន់ក្រោយ ឲ្យគាត់យល់ដឹងកាន់តែច្បាស់ អំពីតម្លៃនៃវប្បធម៌ វត្ថុបុរាណរបស់ដូនតាខ្មែរយើង ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយនោះ ដើម្បីបន្តលើកស្ទួយគាំទ្រ និងជួយអភិរក្សនូវ វត្ថុបុរាណទាំងអស់នោះឲ្យបានគង់វង្ស។

លោកបានបន្តទៀតថា វត្ថុបុរាណគឺជា វប្បធម៌ប្រពៃណី និងជាវត្ថុតាងមួយសម្រាប់បង្ហាញ ដល់សាធារណជនក៏ដូចជាពិភពលោក ឲ្យគាត់យល់ដឹងកាន់តែច្បាស់ថា ជារបស់ខ្មែរ និងចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ ពីបទល្មើស នៃការជួញដូរចរាចរណ៍ និងបំផ្លិចបំផ្លាញនិងការជីករុករកវត្ថុបុរាណដោយខុសច្បាប់របស់ក្រុមឆ្លៀតឱកាសនិយមក៏ដូចជា ក្រុមចោរដែលយកទៅលក់ឲ្យឈ្មួញ ដើម្បីបានប្រាក់កំរៃផ្ទាល់ខ្លួន និងបំផ្លិចបំផ្លាញនូវវត្ថុបុរាណរបស់ជាតិយើង ដែលជាកេរ្តិ៍មរតករបស់ខ្មែរយើង។

លោក ហួត សំណាង ក៏បានបន្តទៀតថា ចំពោះស្រុកបាភ្នំនេះ គឺជាទីតាំងបុរាណដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដែលអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិយល់ថា ជាទីក្រុងបុរាណមានឈ្មោះថា «វ្យាធបុរៈ»។

ជាក់ស្ដែងនៅមានប្រាសាទសល់រូបរាងល្អមួយ គឺប្រាសាទព្រះវិហារច័ន្ទ ស្ថិតនៅក្នុងភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ប្រាសាទនេះ មានខឿនធ្វើអំពីថ្មបាយក្រៀម ស្ថិតនៅចុងសតវត្សទី ១២ ដើមសតវត្សរ៍ទី ១៣។ នៅខាងមុខប្រាសាទព្រះវិហារច័ន្ទនេះ ប្រហែលជា ៣០០ ម៉ែត្រ មានស្រះមួយឈ្មោះថា «ស្រះស្រង់»។

ម្យ៉ាងវិញទៀតស្រុកបាភ្នំ មានតួបុរាណជាច្រើន ប្រមាណជាង១៦៣ទួល។ ស្រុកបាភ្នំ ក៏ជាស្រុកមួយដែលមានសក្កានុពលខ្លាំង ខាងវិស័យទេសចរណ៍ក្នុងខេត្ត ដែលមានរមណីយដ្ឋានភ្នំឈើកាច់ ប្រាសាទព្រះវិហារច័ន្ទ ទំនប់បង្ហៀបឹងស្នេហ៍ និងជាពិសេសមានរមណីយដ្ឋានទួលព័ន្ទតាឡី ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តជាហូរហែ។

លោកអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រសិនបើបានឃើញនូវអំពើជួញដូរចរាចរណ៍ បំផ្លិចបំផ្លាញ និងការជីករុករកវត្ថុបុរាណខុសច្បាប់ ទាំងអស់នេះសូមរាយការណ៍ជាបន្ទាន់ទៅ កម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចុះអន្តរាគមន៍ និងចាប់បញ្ជូនជនល្មើស ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕