(ព្រះវិហារ)៖ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារបន្តនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣០គ្រួសារ នៅភូមិចំនួន៣ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរលោក ប្រាក់ សុវណ្ណ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូជានិច្ចពីសុខទុក្ខ និងការរស់នៅបងប្អូនប្រជាពលរដ្ឋយើង ពិសេសប្រជាពលរដ្ឋ ងាយរងគ្រោះផ្សេងៗ និងប្រជាពលរដ្ឋជាចាស់ជរា គ្មានទីពឹង ក្មេងកំព្រា ស្ត្រីមេម៉ាយ ជាដើម។

លោក ប្រាក់ សុវណ្ណ ក៏បានជម្រាបបងប្អូនប្រជាពលរដ្ឋ ពីស្ថានភាពទឹកជំនន់ នៅក្នុងខេត្តព្រះវិហារថា រហូតមកដល់ថ្ងៃនេះ ស្ថានភាពទឹកជំនន់ នៅក្នុងខេត្តព្រះវិហារ ក៏ដូចជានៅតាមក្រុងស្រុកទាំង៨ មិនទាន់មានបញ្ហាធ្ងន់ធ្ងរ ប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែកន្លែងខ្លះមានលិចផ្លូវ លិចផ្ទះប្រជាពលរដ្ឋនៅតាមតំបន់ទំនាបមួយចំនួនមែន។ ក្នុងនាមអជ្ញាធរខេត្ត លោកបានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់គ្រប់ទីកន្លែង ក្នុងទិសដៅដើម្បីជួយអន្តរាគមន៍សង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីកម្ពស់ទឹងដងស្ទឹងសែននៅតែបន្តហក់ឡើងខ្លាំង។

លោក ប្រាក់ សុវណ្ណ បានថ្លែងថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ មានភ័ព្វសំណាងខ្លាំងណាស់ ដែលមិនបានរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដូចប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ។ លោកថា ព្រឹកនេះផងដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងមានវត្តមាននៅខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចុះសង្គោះប្រជាពលរដ្ឋ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង១០០០០គ្រួសារ។

លោក ប្រាក់ សុវណ្ណ ក៏ថ្លែងផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទ្រព្យសម្បត្តិ មានតម្លៃ និងត្រូវអប់រំណែនាំកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាស ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។ ពិសេសត្រូវថែរក្សា សុខភាពឲ្យបានល្អ ត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាតជានិច្ច ដើម្បីការពារពីជំងឺផ្សេងៗ និងត្រូវបន្តអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ១៩ផងដែរ។

សូមបញ្ជាក់ថា សម្ភារដែលផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ក្នុងពេលនេះ គឺក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអីវ ១យួរ ទឹកបរិសុទ្ធ ២យួរ តង់១ សារុង១ ក្រមា១ ភួយ ១ មុង១ និងថវិកាមួយចំនួន៕