(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចាត់ឲ្យតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នាំយកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីចុះចែកអំណោយ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ក្រុមតំណាងរាស្រ្តទាំងអស់ បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចពញាចក្រី ហេង សំរិន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប។

ក្រុមតំណាងរាស្រ្ត ក៏បានអរគុណដល់កងកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ដែលខិតខំជួយសង្គ្រោះប្រជាពលរដ្ឋមិនថា យប់ថ្ងៃ និងចេះនឿយហត់ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានរួចផុតពីកន្លែងដែលរងគ្រោះ មកកាន់កន្លែងដែលមានសុវត្ថិភាព។

សូមបញ្ជាក់ថា ខណ្ឌដង្កោ ជាខណ្ឌដែលប៉ះពាល់ខ្លាំងជាងគេ នៅរាជធានីភ្នំពេញ ដោយសារតែជំនន់ទឹកភ្លៀង ដែលធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ត្រូវបានជម្លៀសចេញពីផ្ទះសំម្បែង ទៅកាន់ទីទួលមានសុវត្ថិភាព។

ខណ្ឌដង្កោប៉ះពាល់ធ្ងន់ ចំនួន៥សង្កាត់ ប៉ុន្ដែត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ជួយអន្ដរាគមន៍ និងជម្លៀស ក៏ដូចជាការផ្ដល់អំណោយពីថ្នាក់ដឹកនាំ និងសប្បុរសជន ជាបន្ដបន្ទាប់។

គិតត្រឹមរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ទឹកចាប់ផ្ដើមស្រក ហើយប្រជាពលរដ្ឋខ្លះ ចាប់ផ្ដើមវិញទៅកាន់លំនៅដ្ឋាន ក្រោមការជួយដឹកជញ្ជូន និងអន្ដរាគមន៍ ពីកម្លាំងអាជ្ញាធររបស់សមត្ថកិច្ច៕