(បន្ទាយមានជ័យ)៖ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញណែនាំឲ្យអាជ្ញាធរ និងសប្បុរសជន បន្តជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ពិសេសខេត្តបន្ទាយមានជ័យ ដែលបាននិងកំពុងតែរងការលិចលង់ខ្លាំង និងមានការចង្អុលបង្ហាញពីលោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ផងដែរនោះ ឧកញ៉ាវ័យក្មេងចំនួន៨រូប បានរួមរួបប្រមូលថវិកាបាន៨ម៉ឺនដុល្លារអាមេរិក ដើម្បីទិញស្បៀងអាហារយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។

ឧកញ៉ាវ័យក្មេងទាំង៨រូបនោះរួមមាន៖ ឧកញ៉ា អ៉ឹង ឃាង ទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល T.O.I.C Group, ឧកញ៉ា ហួត ជា ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា សមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, ឧកញ៉ា ឡាយ លន់ ទីប្រឹក្សាសភាពពាណិជ្ជកម្មខេត្តសៀមរាប, ឧកញ៉ា ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង, ឧកញ៉ា សុក រ៉ាដូ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង, ឧកញ៉ា ម៉េន កានី ម្ចាស់បុរី GM និងឧកញ៉ា នួន អក ម្ចាស់រីសតកំពតឋានសួគ៌។

ឧកញ៉ា អ៉ឹង ឃាង បានបញ្ជាក់ឲ្យដឹងថា ការចែកជូនអំណោយស្បៀងអាហារដល់ប្រជាពលរដ្ឋនេះ នឹងធ្វើឡើងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដល់ប្រជាពលរដ្ឋ១ពាន់គ្រួសារ ហើយអំណោយដែលត្រូវចែកជូនរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកបរិសុទ្ធ និងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាត នឹងត្រូវធ្វើការប៉ាន់ប្រមាណបូកសរុប បន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕