(បន្ទាយមានជ័យ)៖ ថ្លែងក្នុងឱកាសចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុទាំងអស់ មេត្តាយោគយល់ដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋដែលលិចលង់ដោយទឹកជំនន់ សូមបន្ធូរបន្ថយនូវពេលវេលានៃការសងប្រាក់ ពន្យារពេលនៃការសងប្រាក់ ឬអាចការបន្ថយអត្រាការប្រាក់ជូនពួកគាត់ជាដើម។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ មិនត្រូវរឹបអូសទ្រព្យសម្បត្តិ ផ្ទះសំបែង ដីធ្លីរបស់ប្រជាពលរដ្ឋ ដែលប៉ះពាល់ក្នុងដំណាក់កាលកូវីដ១៩ និងនៅក្នុងដំណាក់កាលនៃគ្រោះទឹកជំនន់នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ អំពាវនាវបន្ថែមទៀតចំពោះធនាគារ និងមីក្រូហិរញ្ញវត្ថុ មុននេះអំពាវនាវសម្រាប់អ្នក ដែលបាត់បង់ប្រាក់ចំណូលដោយសារកូវីដ១៩ [...] ឥឡូវនេះខ្ញុំក៏សូមអំពាវនាវទៅកាន់ធនាគរ និងមីក្រូហិរញ្ញវត្ថុ ធ្វើការយោគយល់ចំពោះអ្នក ដែលលិចលង់នៅគ្រប់ទីកន្លែងទាំងអស់ ដែលមានការលិចលង់ពិតប្រាកដ ឲ្យមានការបន្ធូរបន្ថយ នូវពេលវេលានៃការសងប្រាក់ ពន្យារពេលនៃការសងប្រាក់ រហូតទៅដល់ការបន្ថយអត្រាការប្រាក់ នៅក្នុងរយៈពេលនៃការលំបាកនេះ។ ខ្ញុំគិតថាទាំងធនាគារធំៗ សំខាន់មីក្រូហិរញ្ញវត្ថុ ធ្វើការយោគយល់អំពីបញ្ហានេះ ព្រោះរឿងនេះបានកើតឡើង ហើយផ្តល់ការឈឺចាប់ខ្លាំងណាស់ទៅហើយ សម្រាប់ប្រជាពលរដ្ឋរបស់យើង ហើយខ្ញុំអំពាវនាវសុំកុំឲ្យមានការរឹបអូសទ្រព្យសម្បត្តិ ផ្ទះសំបែង ដីធ្លីរបស់ប្រជាពលរដ្ឋដែលប៉ះពាល់ ក្នុងដំណាក់កាលកូវីដ១៩ និងនៅក្នុងដំណាក់កាលនៃគ្រោះទឹកជំនន់»

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវផងដែរ ដល់ស្ថាប័នធនាគារ និងគ្រឹះមីក្រូហិញ្ញវត្ថុ សូមឲ្យរឹបអូសទ្រព្យសម្បត្តិរបស់អ្នកដែលជឿតាមក្រុមញុះញង់ ចង់ឲ្យវិស័យធនាគារនៅកម្ពុជារដួលរលំ តាមរយៈការអំពាវនាវឲ្យប្រជាជន ដកប្រាក់ចេញពីធនាគារឲ្យអស់ និងមិនឲ្យសងត្រឡប់ទៅធនាគារវិញជាដើម ដែលការណ៍នេះ សម្តេចគាំទ្រឲ្យមានការរឹបអូសទ្រព្យសម្បត្តិ បើសិនជឿលើការឃោសនារបស់ក្រុមទាំងនោះ។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធ្វើអាជីវកម្មត្រូវការផលចំណេញ ប៉ុន្តែបើចំណេញលើការលំបាករបស់ប្រជាជន ក៏ពុំមែនជាការសប្បាយរីករាយនោះដែរ។ សម្តេចសង្ឃឹមថា គ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នោះ ចូលរួមអនុវត្តន៍តាមការអំពាវនាវរបស់សម្តេច។

សម្តេចតេជោក៏បានជំរុញឲ្យធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តធ្វើការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងស្ថាប័នធនាគារ ឲ្យមានការយោគយល់ ដល់ប្រជាពលរដ្ឋដែលបាត់បង់ប្រាក់ចំណូលដោយសារជំងឺកូវីដ១៩ និងដោយសារគ្រោះទឹកជំនន់នេះផងដែរ។

សម្តេចបន្តថា បើតាមរបាយការណ៍របស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ គ្រោះធម្មជាតិដោយទឹកជំនន់ កំពុងប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១៤,៣៤៨គ្រួសារ ស្មើនឹងប្រជាជនជាង៤១ម៉ឺននាក់ ដែលចំនួននេះមិនច្រើន រហូតដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនអាចជួយដោះស្រាយបាននោះទេ។

សូមជម្រាបថា ជំនន់ទឹកភ្លៀងកំពុងប៉ះពាល់១៩ រាជធានី-ខេត្តរួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជា បានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាតនឹងធ្វើការប៉ាន់ប្រមាណបូកសរុបបន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕