(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាននាំយកអំណោយជាអង្ករចំនួន១០តោន ថវិកាចំនួន២០លានរៀល អាវភ្លៀង និងម៉ាស់ ប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រខេត្ត កំពុងមានខ្វះខាត។

លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងបានថ្លែងការកោតសរសើរ ដល់កងកម្លាំងនគរបាលខេត្តបាត់ដំបងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់ទៅទីទួលសុវត្ថិភាព។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបន្តថា ក្នុងនាមជាកងកម្លាំងនគរបាលជាតិ ត្រូវមានកាតព្វកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសជួយសង្រ្គោះពលរដ្ឋ ពេលជួបគ្រោះធម្មជាតិផ្សេងៗ ជាក់ស្តែងដូចគ្រោះទឹកជំនន់នៅពេលនេះ។ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា ក៏បានក្រើនរំលឹកឲ្យកងកម្លាំងនគរបាលខេត្តបាត់ដំបងទាំងអស់ ត្រូវប្រមូលផ្តុំកម្លាំងប្រចាំបញ្ជា ជាពិសេសបន្តត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីកើតមានគ្រោះធម្មជាតិណាមួយជាយថាហេតុ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង តំណាងឲ្យកងកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមបួងសួងប្រសិទ្ធិពរជ័យជូន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ព្រមទាំងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិទាំងអស់ សូមបានជួបប្រទះតែព្រះពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕