(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ពីគម្រោងចង់បង្កើតសមាគមថ្មីមួយ ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់ជនពិការ និងចៀសវាងការប្រមាថមើលងាយផ្សេងៗមកលើជនពិការ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញចុះសាកសួរសុខទុក និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ក្នុងនោះមានបងប្អូនជនពិការផងដែរ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំង សូមមេត្តាយោគយល់ចំពោះជនពិការ បើទោះបីមិនបានផ្តល់អ្វីឲ្យជនពិការ សូមកុំប្រមាថជនពិការ ដោយប្រើប្រាស់ពាក់ពេចន៍អសុរោះមកលើជនពិការ។

សម្តេចតេជោ បានលើកឡើងថា សម្តេចទទួលបានការឈឺចាប់ធ្ងន់ធ្ងរណាស់ នៅពេលគេប្រមាថសម្តេចហៅសម្តេចថា «អាខ្វាក់» ហើយសម្តេចនឹងមិនអត់ឱនឲ្យទេ ចំពោះអ្នកដែលហៅសម្តេចថា «អាខ្វាក់» ព្រោះការខូចភ្នែកម្ខាងរបស់សម្តេច គឺខូចដើម្បីជាតិមាតុភូមិ ដែលមិនគួរទទួលបានការប្រមាថដូចនេះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមិនអត់ឱនឲ្យទេជាមួយនរណាក៏ដោយ ដែលហៅខ្ញុំថា អាខ្វាក់ ព្រោះខ្ញុំខូចភ្នែកម្ខាងខូចដើម្បីជាតិមាតុភូមិមិនគួរណាមានការប្រមាថរបៀបនេះទេ។ ខ្ញុំចង់បង្កើតសមាគមសេចក្តីថ្លៃថ្នូររបស់ជនពិការមួយ ដោយសារខ្ញុំជាជនពិការដែរ អីចឹងខ្ញុំប្រហែលជាអាចឈាន ទៅបង្កើតសមាគមការពារសេចក្តីថ្លៃថ្នូរ សម្រាប់ជនពិការ ដើម្បីជៀសវាងការប្រមាថ បើគ្នាខ្វាក់ហើយ ហៅអាខ្វាក់ទៀត គ្នាកំបុតជើងកំបុតដៃហើយ ហៅអាកំបុតទៀត នេះជាអារម្មណ៍ប៉ះទង្គិចដោយការប្រមាថពីអ្នកដទៃ»

សម្តេចតេជោ ហ៊ុន សែន បានអំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ដល់ជនពិការផងដែរ ហើយជាទម្លាប់របស់សម្តេចឲ្យតែបានជួបជនពិការតែងតែ ជួយឧបត្ថម្ភដល់ជនពិការទាំងនោះ។

សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជា បានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាតនឹងធ្វើការប៉ាន់ប្រមាណបូកសរុបបន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕