(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា បានរៀបចំតាមប្រព័ន្ធអនឡាញ នូវវេទិកាភាពជាអ្នកដឹកនាំលើកទី៣ កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រោមប្រធានបទ កត្តាប្រែប្រួលអាកាសធាតុ និងវិស័យធនាគារ៖ «បញ្ហាប្រឈម និងកាលានុវត្តភាព» ក្នុងគោលបំណងសំខាន់គឺ ដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់ជា សកលដោយសារការប្រែប្រួលអាកាសធាតុ និងស្វែងយល់អំពីហានិភ័យ និងកាលានុវត្តភាព ដែលត្រូវបានយកចិត្តទុកដាក់ ដោយសហគមន៍អ្នកផ្តល់កម្ចីអន្តរជាតិ។

នៅក្នុងសុន្ទរកថាស្វាគមន៍លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមថ្មី ដែលវិស័យធនាគារត្រូវយកចិត្តទុកដាក់ពិចារណាអំពីហានិភ័យ ក៏ដូចជាកាលានុវត្តភាព។

លោកបណ្ឌិតបានថ្លែងអំណរគុណ ដល់ក្រសួងបរិស្ថានដែលកន្លងមក បានផ្តល់កិច្ចសហការយ៉ាងល្អជាមួយសមាគមធនាគារ នៃកម្ពុជា អនុលោមតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់រវាង ស្ថាប័នទាំងពីរ។

ថ្លែងនៅក្នុងពិធីបើកអង្គវេទិកា លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងនាមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរចំពោះសមាគមធនាគារនៅកម្ពុជា ដែលកាន់តែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ និងដើរតួកាន់តែសំខាន់ នៅក្នុងការគាំទ្រការវិនិយោគលើគម្រោងដែលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផលិតភាពការងារ ផលដំណាំ និងរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ជារួម។ នៅក្នុងបរិបទនេះ ការរៀបចំផែនការអាជីវកម្មល្អចាំបាច់ត្រូវយកកត្តាទាំងនេះមកពិចារណា ហើយដាក់បញ្ចូលនូវបណ្តាវិធានការដែលនឹងធ្វើឱ្យអាជីវកម្មកាន់តែធន់នឹងផលប៉ះពាល់ទាំងនេះ។ ធនាគារអាចដើរតួនាទីយ៉ាងសំខាន់ តាមរយៈការអនុវត្តស្តង់ដា ដើម្បីធានាថាអតិថិជនរបស់ពួកគេដាក់បញ្ចូលនូវហានិភ័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងគម្រោងស្នើសុំហិរញ្ញប្បទាន ដែលប្រការនេះនឹងជួយកាត់បន្ថយនូវហានិភ័យនៃប្រាក់កម្ចីដែលមិនដំណើរការ (non-performing loan) ហើយរួមចំណែកដល់ការកសាងសេដ្ឋកិច្ចដែលធន់នឹងអាកាសធាតុ។

លោក ទិន ពន្លក បានបន្ថែមថា ការប្រែប្រួលអាកាសធាតុក៏នាំមកនូវឱកាសផងដែរ តាមរយៈការបង្កើតបច្ចេកវិទ្យាថ្មីៗដើម្បីដោះស្រាយបញ្ហានេះ ដែលជារួមផ្តល់នូវឱកាសឈ្នះ-ឈ្នះ ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ ដូចជាបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ ដែលមានតម្លៃកាន់តែទាប រួមចំណែកកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ ផ្តល់អត្ថប្រយោជន៍ផ្នែកសុខភាពនិងកិច្ចការពារបរិស្ថានក្នុងមូលដ្ឋាន ហើយបង្កើននូវសមត្ថភាពប្រកួតប្រជែងនៃអាជីវកម្មជារួម។

រដ្ឋលេខាធិការរូបនេះ បានឱ្យដឹងថា ការយល់ដឹងកាន់តែច្បាស់របស់សាធារណជនអំពីបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាបរិស្ថាន គឺជាកត្តាសំខាន់មួយទៀត ដែលអាចដាក់សម្ពាធដល់វិនិយោគិនឱ្យពិចារ ណាអំពីការរួមចំណែកធ្វើឱ្យមានការប្រែប្រួលអាកាសធាតុរបស់គម្រោងវិនិយោគ ក៏ដូចជាចូលរួមអនុវត្តបណ្តាវិធានការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន។

លោក ទិន ពន្លក បានបន្តថា នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ «អាជីវកម្មដូចធម្មតា» (Business as usual) មិនមែនជាជម្រើសទៀតទេ។ ចាំបាច់ត្រូវមានចក្ខុវិស័យរួមនៃអ្នកពាក់ព័ន្ធទាំងអស់ ហើយទាមទារឱ្យយើងចាកចេញពី «តំបន់ផាសុកភាព» (Comfort zone)។ អ្នកដែលមើលឃើញនិន្នាការទាំងនេះ ហើយចាប់យកឱកាសបាននឹងឈានមុខជាងគេ ក្នុងការរួមចំណែកនាំប្រទេសកម្ពុជាទៅកាន់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍរបស់ខ្លួន។

វិស័យធនាគារមានតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងអន្តរកាលនេះ ហើយក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ត្រៀមខ្លួនគាំទ្រ និងសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ចាប់យកនូវកាលានុវត្តភាពថ្មីៗ តាមរយៈហិរញ្ញប្បទានបៃតង ដែលសេដ្ឋកិច្ចរបស់យើងត្រូវការបំផុត៕