(អាមេរិក)៖ ក្រោយគោចរជុំវិញអាចម៍ផ្កាយ ប៊ែននូ (Bennu) អស់រយៈពេលជិត ២ឆ្នាំមកនេះ ទីបំផុតយានអវកាសអាមេរិក អូសាយរីសរិច (OSIRIS-REx) បានបន្ទាបខ្លួនចុះទៅប្រមូលយកគំរូតាងពីលើផ្ទៃអាចម៍ផ្កាយនោះ ដោយជោគជ័យ ដើម្បីរក្សាទុករួចដឹកវាយកមកកាន់ផែនដីវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

OSIRIS-REx គឺជាបេសកកម្មលើកដំបូងរបស់សហរដ្ឋអាមេរិក ក្នុងការប្រមូលយកគំរូតាងរបស់អាចម៍ផ្កាយ (Asteroid) ដើម្បីដឹកមកកាន់ផែនដី ខណៈមកទល់បច្ចុប្បន្នគឺមានតែជប៉ុនប៉ុណ្ណោះ ដែលសម្រេចបានរឿងនេះ។ យាន OSIRIS-REx បានចុះទៅក្បែរទីតាំងមួយហៅថា ណៃតអ៉ីងហ្គាល់ (Nightingale) ហើយបញ្ចេញដៃរ៉ូបូតរបស់វា ដើម្បីប្រមូលយកគំរូតាងនៅទីនោះ។ បន្តិចក្រោយមក OSIRIS-REx ក៏បាន ចាកចេញមកឆ្ងាយវិញដោយសុវត្ថិភាព។

ដោយឡែកមូលហេតុដែលអង្គការ NASA ចាប់អារម្មណ៍ក្នុងការប្រមូលយកគំរូតាងពីអាចម៍ផ្កាយ Bennu គឺដោយសារវត្តមានរបស់វាតាំងពីជំនាន់ប្រព័ន្ធព្រះអាទិត្យទើបកកើត ៤.៥ពាន់លានឆ្នាំមុន។ អ្នកវិទ្យាសាស្រ្តជឿជាក់ថា Bennu អាចជួយពួកគេស្វែងយល់បន្ថែមពីការកកើតនៃជីវិតនៅលើផែនដី ឬក៏ជីវិតនៅកន្លែងដទៃទៀត។ មួយវិញទៀត Bennu តែងគោចរឆ្វែលផែនដីយើងរៀងរាល់ ០៦ឆ្នាំម្តង ហើយបើតាម NASA នៅចុងសតវត្សរ៍ទី ២២ខាងមុខ វាមានលទ្ធផលអាចហោះមកបុកផែនដីក្នុងឱកាស ១/២,៧០០។ ដូច្នេះបើអ្នកវិទ្យាសាស្រ្តអាចដឹងអំពី Bennu បានកាន់តែច្រើនគឺកាន់តែល្អ។

ទោះជាយ៉ាងណាក្តី គំរូតាងរបស់ Bennu ដែល OSIRIS-REx ត្រូវនាំមក នឹងមិនមកដល់ផែនដីឆាប់ៗឡើយ រហូតទាល់តែនៅឆ្នាំ២០២៣ ដោយវានឹងត្រូវទម្លាក់ទៅទីវាលមួយ នៅក្នុងទឹកដីប្រទេសអូស្ត្រាលី។ កាលពីដើមខែតុលានេះ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការវិភាគទិន្នន័យនានា នៃអាចម៍ផ្កាយប៊ែននូ (Bennu) ដោយក្នុងនោះគេបានប្រទះឃើញវត្តមាននៃទឹក និងដាននៃសរីរាង្គកាបូន (carbon-bearing, organic material) ដែលអាចជាគ្រាប់ពូជនៃជីវិត ធ្លាប់បានសាបព្រួសលើភពផែនដី ឬក៏ភពផ្សេងៗទៀតនៅក្នុងចក្រវាឡមួយនេះ។

យោងតាមអ្នកវិទ្យាសាស្ត្រ Amy Simon នៃមជ្ឈមណ្ឌលហោះហើរអវកាស Goddard របស់អង្គការ NASA បានគូសបញ្ជាក់ថា «កាកសំណល់ ឬដាននៃសរីរាង្គកាបូន គឺមាននៅពាសពេញផ្ទៃរបស់អាចម៍ផ្កាយ Bennu តែម្តង។ ភស្តុតាងដែលបញ្ជាក់ថា សរីរាង្គកាបូនពិតជាមានប្រាកដមែននោះ អាចនឹងត្រូវរកឃើញនៅពេលដែលគំរូតាងពីអាចម៍ផ្កាយ Bennu ត្រូវដឹកនាំយកមកផែនដី ឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការវិភាគ»។

ទោះបីជាគំរូតាងនៃអាចម៍ផ្កាយ Bennu មិនទាន់មកដល់ផែនដីក៏ពិតមែន ក៏ក្រុមការងាររបស់អង្គការ NASA ជឿជាក់ថា អ្វីដែលនឹងរកឃើញពីអាចម៍ផ្កាយដ៏ធំមួយនេះ ពិតជាខុសប្លែកពីការស្រាវជ្រាវ លើអាចម៍ផ្កាយមុនៗ ដែលមនុស្សធ្លាប់សិក្សាកន្លងមក ហើយគំរូតាងរបស់ Bennu ក៏អាចនឹងពន្យល់អំពីការកកើតជីវិតដំបូងៗ នៅក្នុងការចក្រវាឡមួយនេះបានផងដែរ៕