(ភ្នំពេញ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ទទួលបានអង្ករ៥តោន និងមីជាតិ៣០០កេស ពីលោក ស៉ីម តារា និងក្រុមការងារ ព្រមទាំងសប្បុរសជន តាមរយៈមូលនិធិ SiM DARA ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជន ដែលបាននាំអំណោយជូនរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងតាមបណ្តាក្រុង-ស្រុក ក្នុងដែនរដ្ឋបាលរបស់លោក។

ចំណែកលោក ស៉ីម តារា បានលើកឡើងថា ការផ្តល់អំណោយជូនរដ្ឋបាលខេត្តកំពង់ស្ពឺក្នុងថ្ងៃនេះ គឺដើម្បីរួមចំណែកជួយពលរដ្ឋរងគ្រោះ និងដើម្បីលើកស្ទួយវប្បធម៌ចែករំលែករបស់ខ្មែរផងដែរ។

បន្ទាប់ពីប្រគល់ និងទទួលអំណោយរួចហើយ អភិបាលខេត្តកំពង់ស្ពឺ ក៏បានផ្តល់លិខិតថ្លែងអំណរគុណ ដល់សប្បុរសជនខាងលើទៀត៕