(ភ្នំពេញ)៖ លោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំតំណាងក្រុមហ៊ុនថៃចំនួន៧ ដែលកំពុងវិនិយោគ នៅរាជធានីភ្នំពេញ នាំអំណោយសប្បុរសធម៌ មកប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋរងដែលគ្រោះដោយសារទឹកជំនន់។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមវត្តមានលោក ហង្ស សាមឿន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាតំណាងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួមពីលោក-លោកស្រីជាប្រធាន និងតំណាងក្រុមហ៊ុនថៃ ចំនួន៧ រួមមានទី១៖ ក្រុមហ៊ុន ថៃណាខន ផាត់ថាណា ចាំកាត់, ទី២៖ ស៊ីភី (ខេមបូឌា), ទី៣៖ ភីធីធី (ខេមបូឌា) លីមីតធីត, ទី៤៖ សហគ្រាស ដាហុងហេង, ទី៥៖ ម៉ាក្រូ (ខេមបូឌា), ទី៦៖ អប្សរា-រ៉ាយ (ខេមបូឌា), និង៧៖ បើតាហ្គូ (ខេមបូឌា)។

លោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ បានឱ្យដឹងថា គោលបំណងដែលលោកដឹកនាំវិស័យឯកជនរបស់ថៃ នាំអណោយមកប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជានាថ្ងៃនេះ ដើម្បីចូលរួមរសម្រាលការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងជួបគ្រោះទឹកជំនន់ ដែលធ្វើឱ្យប៉ះពាល់ដល់បណ្តារាជធានី-ខេត្តចំនួន១៩។ ដូច្នេះ ក្នុងនាមជាប្រទេសជាប់ភូមិផង របងជាមួយគ្នា មិនអាចឈរឱបដៃមើលទុក្ខលំបាកនោះទេ។

ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា រូបនេះ បានបញ្ជាក់ថា អំណោយដែលនាំមកប្រគល់ជូននាឱកាសនេះរួមមាន៖ អាហារ, ថ្នាំពេទ្យ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនផងដែរ។

តាងនាមឱ្យសម្តេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. និងក្នុងនាមលោកផ្ទាល់ជាអនុប្រធាន គ.ជ.គ.ម សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្ត ជូនចំពោះឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា ព្រមទាំងអស់លោក-លោកស្រី ជាប្រធាន និងតំណាងក្រុមហ៊ុនថៃទាំង៧ នៅរាជធានីភ្នំពេញ ដែលបានបង្ហាញ ពីសមានចិត្តសប្បុរសអាណិតអាសូរ ស្រឡាញ់រាប់អានប្រជាជនកម្ពុជា និងនាំមកនូវជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាប្រពៃនេះ សម្រាប់ចែកជូនប្រជាជនរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយធម្មជាតិបង្កដោយជំនន់ទឹកភ្លៀង ដើម្បីជួយសម្រួលដល់ជីវភាពមួយរយៈពេលរបស់ពួកគាត់ក្នុងកាលៈទេសៈដ៏លំបាកនេះ។

លោក ហង្ស សាមឿន បានថ្លែងថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ជាទុក្ខរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលទាំងមូលផងដែរ។ «សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែខ្វល់ខ្វាយជាប់ជានិច្ចពីទុក្ខលំបាករបស់បងប្អូន។ សេចក្តីទុក្ខលំបាករបស់បងប្អូន ក៏ជាទុក្ខលំបាករបស់សម្តេចទាំងទ្វេ រួមនិងរាជរដ្ឋាភិបាលយើងដែរ។ សម្តេចទាំងទ្វេ រួមនិងរាជរដ្ឋាភិបាល នឹងប្រឹងប្រែងឱ្យអស់លទ្ធភាពជួយដោះស្រាយទុក្ខលំបាករបស់បងប្អូន។ តែពេលនេះយើងត្រូវរួមគ្នារក្សាជីវិតឱ្យបានពីគ្រោះមហន្តរាយដ៏ធំធេងនាពេលនេះ»។

ទន្ទឹមនឹងនេះដែរ លោក ហង្ស សាមឿន បានឱ្យដឹងថា ដោយគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជា បានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនបានជម្លៀស មកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាតនឹងធ្វើការប៉ាន់ប្រមាណបូកសរុបបន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់។

សូមជម្រាបផងដែរថា ជំនួយសប្បុរសធម៌ សម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ពីស្ថានទូតថៃ និងក្រុមហ៊ុនថៃទាំង៧ មានស្បៀងអាហារ, ថ្នាំពេទ្យ និងរបស់ប្រើប្រាស់មួយចំនួនទៀត ហើយតាមរយៈ រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន គ.ជ.គ.ម. នឹងយកអំណោយដ៏ថ្លៃថ្លាទាំងនេះ ទៅចែកជូនដល់ប្រជាជនរងផលប៉ះពាល់ដែលបង្កដោយជំនន់ទឹកភ្លៀងនៅតាមរាធានី-ខេត្តដោយផ្ទាល់។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ហង្ស សាមឿន សូមថ្លែងអំណគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរាជរដ្ឋាភិបាលប្រទេសថៃ ដែលជាបងប្អូនជិតខាងល្អ និងជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ និងចូលរួមសុខទុក្ខ ជាមួយប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៃប្រទេសជាសមាជិកអាស៊ានដទៃទៀត។ ក្នុងនាម គ.ជ.គ.ម លោករីករាយ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន និងអង្គការដៃគូទាំងអស់ អាចចុះចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ដោយផ្ទាល់ក៏បាន៕