(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមគាំទ្រ និងត្រៀមសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននានា ព្រោះគម្រោងវិនិយោគនេះ មិនត្រឹមតែអាចបង្កើតការងារធ្វើជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ និងជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ក្នុងខេត្តស្វាយរៀងថែមទៀតផង។

ការថ្លែងរបស់អភិបាលខេត្តស្វាយរៀងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ ដែលលោកបានអនុញ្ញាតឲ្យលោកប្រធានក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធ នឹងកិច្ចការវិនិយោគ នាសាលប្រជុំ VIP សាលាខេត្ត។

លោកអភិបាលខេត្តបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុននានា ដែលបានមករកស៉ីបណ្តាក់ទុននៅខេត្តស្វាយរៀង គឺបានគោរពទៅតាមច្បាប់ហើយ ជាពិសេសបានបង្កើតការងារឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀង ធ្វើជាកម្មករនិយោជកជាច្រើនម៉ឺននាក់ផងដែរ។

ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន បានសម្ដែងនូវការអរគុណចំពោះលោកអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ជាពិសេសនាពេលកន្លងមក ក្នុងនាមអាជ្ញាធរខេត្ត តែងតែផ្ដល់នូវភាពកក់ក្ដៅ តាមរយ:ការជួយសម្របសម្រួល សហការ និងគាំទ្រ រាល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលអនុញ្ញាតឲ្យក្រុមហ៊ុន អាចដំណើរការបានងាយស្រួល ដោយរលូន និងមានការរីកចម្រើនជាលំដាប់។

លោកបន្តថា ជំនួបពិភាក្សានៅពេលនេះ គឺក្រុមហ៊ុនមានគោលបំណងវិនិយោគបន្ថែមនូវ សេវារថយន្តក្រុង និងបង្កើតតំបន់ទេសចរណ៍ក្រុងបាវិត៕