(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបាននូវការឧបត្ថម្ភអង្ករចំនួន ៥០តោន ពីឧកញ៉ា ថោង សារ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន UK ខុនដូរ និងលោកជំទាវ ដើម្បីចែកជូនបន្ដដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ក្នុងពិធីទទួលអំណោយនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅសាលារាជាធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ដែលបានចូលរួមឧបត្ថម្ភជាអង្ករចំនួន៥០តោនដល់រដ្ឋបាលរាជធានីភ្នំពេញដើម្បីយកទៅប្រើសម្រាប់ចែកបន្ដជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពិសេសប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា លោកជំទាវ សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភ សម្រាប់ជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់។ លោកអភិបាលបានសន្យានឹងនាំយកអំណោយទាំងនោះទៅជួយដល់ដៃប្រជាពលរដ្ឋរងគ្រោះហើយបើនៅសេសសល់នឹងបន្តយកទៅជួយជនក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើអោយម្ចាស់អំណោយខកចិត្តឡើយ។

លោក ថោង សារ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន UK ខុនដូ បានមានប្រសាសន៍ថា ទោះជាតិចក្តីច្រើនក្តី លោកឧកញ៉ានិងក្រុមគ្រួសារនឹងខិតខំប្រឹងប្រែងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិនិងជួបបញ្ហានានាក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជា បានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាតនឹងធ្វើការប៉ាន់ប្រមាណបូកសរុបបន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់។