(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមថ្លែងយ៉ាងជ្រាលជ្រៅចំពោះលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី ហ៊ុន ម៉ាណា ដែលបានចូលរួមឧបត្ថម្ភ អំណោយសម្រាប់ជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់។

សាលារាជធានីភ្នំពេញ ទទួលបាននូវការឧបត្ថម្ភរួមមាន៖

*ទី១៖ មី ចំនួន ១០០កេសធំ
*ទី២៖ ទឹកសុទ្ធចំនួន ១០០០កេស
*ទី៣៖ ទឹកសុទ្ធដបធំចំនួន ៣០០០កេស
*ទី៤៖ ត្រី ខ ចំនួន ២០កេស
*ទី៥៖ ភេសជ្ជៈខារ៉ាបាវ ចំនួន ៥០០កេស។

លោក ឃួង ស្រេង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះថា រដ្ឋបាលរាជធានីភ្នំពេញ នឹងយកអំណោយទាំងនេះទៅប្រើសម្រាប់ចែកជូនបន្ដ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត ពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានខណ្ឌដង្កោ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជា បានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាតនឹងធ្វើការប៉ាន់ប្រមាណបូកសរុបបន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕