(ក្រចេះ)៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងអាវុធហត្ថស្រុកស្នួល ដឹកនាំដោយលោក លន់ ប៊ុនថុល មេបញ្ជាការអាវុធហត្ថស្រុកស្នួល នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានបង្រ្កាបរថយន្ដសាំងយ៉ុងដឹកឈើឃ្លុំចំនួន៥គ្រឿង គ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងឃាត់ខ្លួន១០នាក់ នៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

លោក លន់ ប៊ុនថុល បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថា មេបញ្ជាការអាវុធហត្ថខេត្ត ដោយកម្លាំងអាវុធហត្ថ បានចុះបង្រ្កាបបានរថយន្ដ៥គ្រឿង ផ្ទុកឈើអាចម្រុះ និងឃាត់ខ្លួនជនសង្ស័យដែលពាក់ពន្ធ័ចំនួន១០នាក់ ក្នុងនោះស្រ្តីចំនួនម្នាក់ល កំពុងឃាត់និងរក្សាទុកនៅមូលដ្ឋានអាវុធហត្ថស្រុកស្នួល។

ជនសង្ស័យទាំង១០នាក់ ដែលកម្លាំងអាវុធហត្ថឃាត់ខ្លួន ក្នុងប្រតិបត្តការបង្រ្កាបទល្មើសព្រៃឈើនោះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅរដ្ឋបាលព្រៃឈើចាត់ការបន្តទៀត៕