(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ តំណាងទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាការប្រតិបត្តិលើកទី៣៣ និងមហាសន្និបាតលើកទី២០ នៃសហព័ន្ធអតីតយុទ្ធជនរបស់បណ្តាប្រទេសអាស៊ាន ហៅកាត់ថា ( VECONAC) តាមប្រព័ន្ធអនឡាញ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន។

កិច្ចប្រជុំគណៈកម្មាការប្រតិបត្តិលើកទី៣៣ និងមហាសន្និបាតលើកទី២០ នៃសហព័ន្ធអតីតយុទ្ធជន របស់បណ្តាប្រទេសអាស៊ានតាមអនឡាញនៅឆ្នាំនេះ គឺប្រទេសវៀតណាមត្រូវបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ ក្រោមកិច្ចដឹកនាំអង្គប្រជុំដោយ ឧត្តមសេនីយ៍ទោ (និវត្តន៍ជន) ង្វៀន សុងហ្វី ជាអនុប្រធាន VICONAC និងជាអនុប្រធានសមាគមអតីតយុទ្ធជនវៀតណាម ជាអ្នកដឹកនាំ។

ថ្លែងក្នុងកិច្ចបើកអង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ង្វៀន សុងហ្វី បានវាយតម្លៃខ្ពស់នូវគំនិតផ្តួចផ្តើម ដែលផ្ដល់កិច្ចគាំពារជូនអតីតយុទ្ធជនយុទ្ធជនពិការ និងនាយទាហាន ក្នុងការសម្រាក ព្យាបាលរបស់បណ្ដាប្រទេសជាសមាជិកសហព័ន្ធ ដើម្បីទទួលបានជីវភាពសមរម្យ និងសុភមង្គល។

លោកក៏បានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតការបាត់បង់ និងក្តីឈឺចាប់ដែលបង្កឡើង ដោយជំងឺឆ្លងកូវីដ-១៩ មកលើប្រជាជននៃបណ្ដាប្រទេសក្នុងតំបន់។

ក្នុងរបៀបវារៈរបស់កិច្ចប្រជុំនាពេលនេះ គឺបានធ្វើការអនុម័តលើបញ្ហាស្តីពីការការពារ និងថែរក្សាព្រឹត្តិការណ៍ទីតាំងប្រវត្តិសាស្ត្រយោធា។ ពិនិត្យការអនុវត្តស្តីពីការអភិវឌ្ឍន៍ ទស្សនវិស័យ និងបេសកកម្មរបស់ VICONAC ។ អង្គប្រជុំក៏បានយល់ព្រមនូវការដាក់បញ្ចូលសេចក្តីសម្រេចថ្មីៗ ថែមទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្នមានសមាជិកចំនួន១០ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេ ស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម។

សហព័ន្ធនេះបង្កើតឡើង ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះពាល់ នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាម មកលើសុខភាព និងសង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅ ដល់បណ្ដាប្រជាជន ដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព។

សហព័ន្ធនេះ ក៏មានបេសកកម្មផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅ ជាសកលនូវ ទស្សនៈស្មារតី ការលើកសរសើរ និងអត្ថប្រយោជន៍ នៃបណ្ដាប្រទេសក្នុងតំបន់ និងជំរុញការពារភាពស្របច្បាប់ នៃអត្ថប្រយោជន៍អតីត យុទ្ធជន ដោយសារសង្គ្រាម និងជនរគ្រោះដោយសារសង្គ្រាម ជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់ នៃសមាគម អតីតយុទ្ធជនបណ្ដាប្រទេសជាសមាជិកសហព័ន្ធ។

លើសពីនេះ ក៏ជំរុញការផ្លាស់ប្ដូរអតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមក្នុងតំបន់ ដោយរៀបចំជាកម្មវិធីអភិវឌ្ឍន៍ សិក្ខាសាលា ការចែកចាយ ព័ត៌មានវិទ្យា និងសកម្មភាពដ៏ទៃទៀត ដែលជាគុណប្រយោជន៍សម្រាប់សមាជិក ហើយសហព័ន្ធនឹងពង្រឹងវិសាលភាព នៃការលើកទឹកចិត្ត និងការចូលរួមពីថ្នាក់ដឹកនាំ បណ្ដាប្រទេសជាសមាជិកនីមួយៗ ដើម្បីការពារសិទ្ធិរស់រានមានជីវិត សាមគ្គីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន៕