(ភ្នំពេញ)៖ ដើម្បីចូលរួមជួយទៅដល់ប្រជាពលរដ្ឋ ដែលបាននិងកំពុងរងគ្រោះដោយសារគ្រោះទឹកជំនន់ សមាគមអតីតនិស្សិតសាកលវិទ្យាល័យ ឆាលស្ដីតកម្ពុជា ដឹកនាំដោយលោកស្រីបណ្ឌិត សឿ សុជាតា ឧត្តមទីប្រឹក្សាសមាគម គណៈកម្មការប្រតិបត្តិ និងសមាជិក ព្រមទាំងក្រុមស្ម័គ្រចិត្ត នៃតងស្ត្រីត្រចះត្រចង់ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ។

ពិធីប្រគល់អំណោយនេះ រៀបចំនៅបញ្ជាការស្រាល ទីតាំងមុខផ្សារព្រែកជ្រៃ នាសៀលថ្ងៃ១៨ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីបណ្ឌិត សឿ សុជាតា ឧត្តមទីប្រឹក្សាសមាគមគណៈកម្មការប្រតិបត្តិ និងសមាជិក សមាជិកាសមាគមជាច្រើននាក់ផងដែរ។

លោកស្រី សឿ សុជាតា បានថ្លែងថា ដោយឃើញអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងការខ្វះខាតបន្ទាន់ និងចំពោះមុខរបស់ពួកគាត់ដែលបានរើទីតាំងស្នាក់នៅ មកកាន់ទីទួលមានសុវត្ថិភាព ទើបគណៈកម្មការប្រតិបត្តិសម្រេចរៀបចំនូវកម្មវិធី សប្បុរសនេះឡើង ក្រោមការចូលរួមបរិច្ចាកពីសប្បុរសជននានាទាំងក្នុង និងក្រៅសមាគមស្រប ជាថវិកាប្រមាណ៨,៨៥០ដុល្លារ។

នៅក្នុងជំនួយនេះ គ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ករ១,០០០គីឡូក្រាម, ត្រីខ១០កេសធំ, មីកញ្ចប់១៧កេសធំ, ស្ករស១០០គីឡូក្រាម, អំបិល១០០គីឡូក្រាម, ទឹកស៉ីអ៉ីវ១០០យួរ, ទឹកសុទ្ធ១០០យួរ, សៀងផ្អែម១០កេស, តៅហ៊ូ៥កេស, ឆៃពៅ១០០គីឡូក្រាម, ទឹកខ្ចី Dua Dewi ១០កេស, ភួយ១០០, ច្រាស់ដុសធ្មេញ ១០០ប្រអប់, សាប៊ូ១០០កញ្ចប់, អាវភ្លៀង៣០០អាវ, ថ្នាំផ្តាសាយ និងបំបាត់ការឈឺចាប់ ១០០កញ្ចប់។

ដោយឡែកថវិកា នៅសល់ប្រមាណជា ២,៨៥០ដុល្លារ និងថិវកាសប្បុរសជនបន្តបរិច្ចាក គណៈកម្មការប្រតិបត្តិ និងក្រុមការងារស្ម័គ្រចិត្ត បានរៀបចំផែនការសកម្មភាព ចំនួន៣ផ្សេងទៀត សម្រាប់ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នេះ នៅតាមបណ្តាខេត្ត និងខណ្ឌចំនួន៣ផ្សេងទៀត រួមមានខេត្តកំពង់ឆ្នាំង ប្រមាណ៥០គ្រួសារ ខណ្ឌពោធិ៍សែនជ័យ ប្រមាណ១០០គ្រួសារ និងខណ្ឌច្បារអំពៅ ប្រមាណ៣០គ្រួសារបន្ថែមទៀត នៅសប្តាហ៍បន្ទាប់៕