(ភ្នំពេញ)៖ លោក នង វាសនា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាអ្នកមានពិសោធន៍ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម បានថ្លែងយ៉ាងដូច្នេះថា បម្រែបម្រួលអាកាសធាតុ ធ្វើឲ្យអាកាសធាតុជះឥទ្ធិពលអាក្រក់លើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ដូចជាកម្ដៅខ្លាំងកើនឡើង និងកម្ពស់ទឹកភ្លៀងមានរយៈពេលខ្លីទៅៗ កម្ពស់ទឹកភ្លៀងតិចទៅៗ ធ្វើឲ្យសម្ពាធទឹកក្រោមដីក៏ដូចជាទឹកប្រើប្រាស់ក្នុងវិស័យកសិកម្មជួបបញ្ហា ហើយដំណាំប៉ះពាល់ខ្លាំងជាងគេ គឺការផលិតស្រូវដែលត្រូវការទឹកច្រើន។

ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News លោក នង វាសនា បានព្យាការណ៍ថា វិស័យកសិកម្មពី ២០ ទៅ៣០ឆ្នាំខាងមុខទៀត គឺកម្ពុជានឹងប៉ះពាល់ខ្លាំងប្រសិនបើនៅតែធ្វើស្រូវ ឬធ្វើកសិកម្មដែលពឹងផ្អែកទៅលើទឹកមេឃខ្លាំងពេក។

លោកបញ្ជាក់បន្តថា ក្រៅពីប៉ះពាល់វិស័យស្រូវអង្ករហើយ វាអាចប៉ះពាល់ដល់ដំណាំរួមផ្សំរយៈពេលខ្លីពី៣ ទៅ៦ខែ ដែលត្រូវការកំរិតទឹកខ្ពស់ និងសំណើមក្នុងដីខ្ពស់ ប៉ុន្ដែប្រសិនបើទឹកភ្លៀងតិច កំរិតទឹកនៅក្រោមដីក៏ទាប។ ដូច្នេះតម្រូវឲ្យកម្ពុជាមើលថា តើត្រូវធ្វើស្រូវកំរិតណា នៅតំបន់ណាខ្លះ និងការកែសម្រួលអ្វីខ្លះ សម្រាប់ការប្រើប្រាស់ដីក្នុងវិស័យកសិកម្ម។

លោកបានបញ្ជាក់ទៀតថា ដំណាំស្រូវអង្ករ ជាប្រភេទដំណាំដែលខ្ជះខ្ជាយទឹកច្រើន ការប្រើប្រាស់ទឹកមានការធ្ងន់ធ្ងរត្រូវពឹងពាក់យ៉ាងច្រើន ទៅលើបរិមាណទឹកភ្លៀង ដូច្នេះការប្រែប្រួលនូវកម្ពស់ទឹកភ្លៀង ក្នុងបរិមាណច្រើន វាអាចជះឥទ្ធិពលធ្ងន់ធ្ងរ ដល់វិស័យស្រូវអង្ករផងដែរ។

លោកបន្ថែមថា «ឧទាហរណ៍ផ្ទៃដី៣លាន៣សែនហិកតាដែលធ្វើស្រូវ គួរតែកាត់បន្ថយចំនួនណាមួយ ហើយធ្វើពិពិធកម្មលើផ្ទៃដីនោះ ឲ្យមានទិន្នផលកើនឡើង២ទៅ៣ដងវិញ ហើយកាត់បន្ថយផ្ទៃដី និងបង្វែរផ្ទៃដីដែលនៅឆ្ងាយពីប្រភពទឹក ឬរងការប៉ះពាល់ពីសម្ពាធភ្លៀងថយចុះ មកធ្វើប្រភេទដំណាំ ឬផលិតផលកសិកម្មផ្សេងៗទៀត ដែលជៀសផុតពីការប្រើប្រាស់ទឹកច្រើន។ យើងតែងតែភ្លេចក្នុងវិស័យកសិកម្ម គឺឧស្សាហកម្មប្រូតេអ៊ីន គឺជាឧស្សាហកម្មមួយ ដែលអាចកែប្រែជីវភាពកសិករកម្ពុជា ខ្ពស់ជាការផលិតស្រូវ»

លោកបានបន្តថា ក្រៅពីផលិតស្រូវ គឺអាចបង្វែរផ្ទៃដីក្នុងផលិតជាបន្លែ ផ្លែឈើ ដែលត្រូវការទឹកតិចជាង ហើយចំណូលមធ្យមក្នុង១ហិកតា ក្នុង១ឆ្នាំៗ គឺខ្ពស់ជាងការផលិតស្រូវប្រហែលជា៥ដង បើកសិករផលិតជាបន្លែ គឺប្រើប្រាស់ទឹកតិចជាង និងមិនសូវពឹងមេឃខ្លាំងដូចជាការធ្វើស្រែ។ កែប្រែផ្ទៃដី និងកម្លាំងពលកម្ម ផ្នែកកសិកម្មក្នុងការផលិតឧស្សាហកម្ម ចូលរួមការផលិតសាច់ បន្លែ សាច់មាន់ សាច់គោ សាច់ជ្រូក និងត្រីជាដើម ព្រោះថាក្នុង១ឆ្នាំៗ កម្ពុជានាំចូលដូចជាត្រីសាច់ ដើម្បីផ្គត់ផ្គង់ប្រជាជនក្នុងស្រុក គឺក្នុងតម្លៃខ្ទង់ពាល់លានដុល្លារ ទាំងនេះហើយបើកសិករបង្វែរផ្ទៃដីផលិតសាច់ទាំងនេះ មិនចាំបាច់ថាដល់កំរិតនាំចេញទេ គឺឲ្យតែជំនួសការនាំចូល ក៏វាចំណេញលើការនាំចូលខ្ទង់ពាន់លានដុល្លារក្នុង១ឆ្នាំៗ។

លោកបន្តទៀតថា ប្រទេសចិនគ្រាន់តែនាំចូលសាច់គោ និងសាច់ចៀមក្នុង១ឆ្នាំៗ ៣០ពាន់លានដុល្លារ ដែលនេះជាឱកាសដ៏ធំសម្រាប់កម្ពុជា ហើយសម្រាប់ការចិញ្ចឹមគោវិញ លោកជឿថាប្រជាជនកម្ពុជា ពិតជាមានជំនាញស្ទាត់ និងមិនមានការលំបាកខ្លាំងទេក្នុងការចិញ្ចឹមគោនេះ សំខាន់សួរថា តើកម្ពុជាហ៊ានទទួលយកនូវបរិបទថ្មីនេះទេ ពីការធ្វើជាកសិកម្មបែបយថាផលធ្វើស្រូវចំណូលតិច ឬក៏ធ្វើជាសហគ្រិនផ្នែកកសិកម្ម ដែលចាប់យកអាជីពថ្មី ជំនាញថ្មី ដូចជាការផលិតសាច់ ផលិតបន្លែ ហើយសម្លឹងមើលនូវទីផ្សារគោលដៅ ដែលមានមានតម្លៃថ្លៃ ហើយប្រើប្រាស់ធនធានដីដដែល និងទឹកតិចជាមុន៕