(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់នោះ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ខណៈដែលថ្ងៃទី២២ ខែតុលា សម្តេចតេជោបន្តចែកអំណោយដល់ប្រជាពលរដ្ឋ១ម៉ឺនគ្រួសារទៀត។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងពីរគោលដៅ៖

* ថ្ងៃទី២១ ខែតុលា គោលដៅទី១៖ បរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី
* ថ្ងៃទី២២ ខែតុលា គោលដៅទី២៖ ផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់អំពីព្រឹត្តិការណ៍នេះពីខេត្តបន្ទាយមានជ័យ។

សូមរំលឹកថា នៅព្រឹកព្រលឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើដំណើរតាមផ្លូវគោកឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ដោយសម្រាកនៅខេត្តសៀមរាបមួយរាត្រី ហើយបន្តទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាជនសរុបប្រមាណ២ម៉ឺនគ្រួសារ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។

សម្តេចតេជោ ហ៊ុន សែន បំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យ រយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ហើយនឹងត្រឡប់មកចូលរួមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០៕