(ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្នសរុបនៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ គិតត្រឹមម៉ោង ១៦:៣០នាទី អត្រាអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៦១.៥៦៧នាក់ ស្មើនឹង ៨៧.០៨% បើធៀបទៅនឹងស្ថិតិប៉ាន់ស្មាន សរុបចំនួន ៣០០.៣៩០នាក់ ។ នេះបើតាមសេចក្តីប្រកាសរបស់គជប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចាត់ទុកថា នេះជាលទ្ធផលល្អប្រសើរ និងគួរឱ្យកោតសរសើរប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុ ១៨ឆ្នាំអញ្ជើញមកចុះឈ្មោះបោះឆ្នោតបានយ៉ាងច្រើនកុះករ បើទោះបីប្រឈមនឹងការរាតត្បាតកូវីដ-១៩ និងជំនន់ទឹកភ្លៀងយ៉ាងណាក៏ដោយ ។

ជាងនេះទៀត៖ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ១៤៥.៦៧៨នាក់ ។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួនសរុប ៩០.៧៤០នាក់ និង អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនសរុប ៨៥.៥៤១នាក់។

ដោយកំពុងផ្ទៀងផ្ទាត់ និងបញ្ជូនទិន្នន័យ លទ្ធផលនៃការចុះឈ្មោះបោះឆ្នោតពីឃុំ សង្កាត់ទាំង ១.៦៤៦ ដែលបានបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៩ ខែតុលា ដូចកាលគ្រោងទុក គ.ជ.ប នឹងផ្សាយជូននៅសប្តាហ៍ក្រោយ៕