(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាននាំយកអំណោយជាអង្ករចំនួន១០តោន, ថវិកាចំនួន២០លានរៀល, អាវភ្លៀង និងម៉ាស់ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា ក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរដល់កងកម្លាំងនគរបាលខេត្តពោធិ៍សាត់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះទឹក ជំនន់ ទៅទីទួលសុវត្ថិភាព។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបន្តថា ក្នុងនាមជាកងកម្លាំងនគរបាលជាតិ ត្រូវមានភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសជួយសង្រ្គោះពួកគាត់ពេលជួបគ្រោះធម្មជាតិផ្សេងៗ ជាក់ស្តែងដូចគ្រោះទឹកជំនន់នៅពេលនេះ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលបានចាត់ប្រតិភូនាំយកអំណោយនេះ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត៕