(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយមន្ទីរជំនាញពាក់ព័ន្ធ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពទឹក នៅតាមប្រឡាយមេ ប្រឡាយរង និងតំបន់ទ្វាទឹកមួយចំនួន ក្នុងស្រុកបាកាន ក្រោយពីជំនន់ទឹកភ្លៀង បានស្រកចុះមួយចំនួនធំ។

លោក ម៉ៅ ធនិន បានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០នេះ មិនមែនកើតមានតែនៅខេត្តពោធិ៍សាត់យើងមួយទេ គឺកើតមានស្ទើរតែគ្រប់ខេត្ត សូម្បីតែនៅរាជធានីភ្នំពេញ ពិសេសបច្ចុប្បន្ននេះ ទឹកកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដូចជានៅខេត្តបន្ទាយមានជ័យជាដើម។

ក្នុងពេលគ្រោះទឹកជំនន់កើតឡើងនេះ ទាំងប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំក្នុងខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ បានខិតខំទាំងយប់ ទាំងថ្ងៃក្នុងការទប់ទល់ ទឹកជំនន់ និងជួយសង្គ្រោះប្រជាពលរដ្ឋ។ លោកបានបន្ថែមថា បញ្ហាបន្ទាន់នៅចំពោះមុខយើងនាពេលនេះ នៅពេលទឹកស្រកវិញ មន្ទីរជំនាញ រួមទាំងប្រជាពលរដ្ឋ ត្រូវរួមគ្នាទប់រក្សាទឹកទុក តាមប្រឡាយមេ ប្រឡាយរង ស្រះ ឬស្រែឱ្យនៅគង់វង្ស ដើម្បីមានលទ្ធភាពស្តារឡើងវិញ សម្រាប់ឱ្យបងប្អូនយើងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផលជាលើកទី២។

បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងនារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះថា ក្រោយពីជំនន់ទឹកភ្លៀងរយៈពេលកន្លងមក ពេលនេះបានស្រកចុះមួយចំនួនធំហើយ។

បច្ចុប្បន្នស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ ៤.៥៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ៣.១៨ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ១.២៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)។ លោកប្រធានមន្ទីរបន្ថែមថា ប្រសិនបើផ្នែកខាងលើ នៃស្រុកវាលវែង និងភ្នំក្រវាញ (ស្ទឹងធំទាំង៣) មិនមានភ្លៀងធ្លាក់ទេ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក៏ពុំមានបញ្ហាទៀតនោះដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៦នាក់ផងដែរ៕