(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានអំពាវនាវដល់មន្ទីរអង្គភាព ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់លើការងារអនាម័យ និងបរិស្ថាន នៅតាមរមណីយដ្ឋានទេសចរណ៍ និងទីកន្លែងផ្សេងៗ ដើម្បីឱ្យខេត្តកំពត ក្លាយជាទីក្រុងបៃតង ដែលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត។

ការអំពាវនាវបែបនេះ ខណៈលោកអភិបាលខេត្ត ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធទិវាទេសចរណ៍ពិភពលោកលើកទី៤០ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» ដែលទិវានេះ ប្រារព្ធធ្វើឡើង នៅរមណីយដ្ឋានភ្នំកំពង់ត្រាច ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ ដោយចូលរួមពីអ្នកពាក់ព័ន្ធ ប្រមាណជាង៤០០នាក់។

លោកអភិបាលខេត្ត ជាវ តាយ ក៏បានឡើងថ្លែងសារលិខិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ «ទេសចរណ៍និ ងការអភិវឌ្ឍន៍ជនបទ»។

ទន្ទឹមគ្នានេះ លោកអភិបាលខេត្ត ក៏បានថ្លែងទៀតថា ទីតាំងរមណីយដ្ឋានភ្នំកំពង់ត្រាច គឺជាទីកន្លែងដែលសមស្របសម្រាប់ប្រារព្ធពិធីទិវាទេសចរណ៍ពិភពលោក។ វាជារមណីយដ្ឋានមានការ ទាក់ទាញ ភ្ញៀវទេសចរ ស្ថិតនៅតំបន់ជនបទ ស្របទៅនឹងប្រធានបទ ទេសចរណ៍ និងការអភិវឌ្ឍន៍ជនបទ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ពាក់ព័ន្ធនឹងផ្លូវចូលរមណីយដ្ឋានភ្នំកំពង់ត្រាច គឺជាគម្រោងសាងសង់ផ្លូវបេតុង ដែលកន្លងមកបានសាងសង់រួចរាល់ ៥០%ហើយ នៅសល់ផ្លូវប្រវែងប្រហែលជាង ១គីឡូម៉ែត្រទៀត មិនទាន់បានសាងសង់។ ដូចនេះរូបលោកក្នុងនាមរដ្ឋបាលខេត្ត នឹងបន្តសាងសង់ផ្លូវបេតុងដែលនៅសេសសល់នេះ ឲ្យបានរួចរាល់ជាស្ថាពរ នៅមុនថ្ងៃចូលឆ្នាំខ្មែរ ឆ្នាំ ២០២១ ឆ្នាំក្រោយនេះ៕