(បាត់ដំបង)៖ លោកស្រី ញ៉ែម សាខន ភរិយាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងលោកស្រី ម៉ៅ ម៉ាល័យ ភរិយាលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី បាននាំអំណោយចែកជូនពលរដ្ឋ ៥០០គ្រួសារមកពី៤ឃុំ គឺឃុំនរា៧០គ្រួសារ ឃុំអន្លងវិល១៥០គ្រួសារ ឃុំតាប៉ុន១៤០គ្រួសារ និងឃុំរកា១៤០គ្រួសារ ស្រុកសង្កែ ដែលរងគ្រោះដោយសារទឹកជំនន់។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តអន្លង់ត្នោត ស្ថិតក្នុងភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្ត សមាជិករាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា គណៈអភិបាលខេត្ត ស្រុក ឃុំ ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងក្រុមអ្នកម្តាយមនុស្សធម៌ចូលរួមជាច្រើន នាក់ផងដែរ។

លោកស្រី ញ៉ែម សាខន និងលោកស្រី ម៉ៅ ម៉ាល័យ បានអញ្ជើញមានប្រសាសន៍សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះទាំង ៥០០គ្រូសារ ក្នុង១គ្រួសារៗ ទទួលបានអង្ករ ២០គីឡូក្រាម ទឹកសុទ្ធ១យួរ ត្រីខកំប៉ុង១យួរ ទឹកត្រី ១យួរ ស៊ីអ៊ីវ១យួរ មី១ កេស ថវិកាមួយចំនួន និងប្រគេនទេយ្យទានមួយចំនួនដល់ព្រះសង្ឃក្នុងវត្តអន្លងត្នោតផងដែរ។

រួចពីនេះប្រតិភូទាំងអស់ក៏បានបន្តដំណើរទៅសួរសុខទុក្ខព្រះសង្ឃ និងសមណសិស្សដែលកំពុងស្នាក់នៅរៀនធម៌នៅវត្តធម្មិការាម (វត្តដំណាក់ហ្លួង) ចំនួន១០២អង្គ ដែលត្រូវលិចទឹក ដាច់ចង្ហាន់ក្នុងពេលរងគ្រោះទឹកជំនន់នេះដោយបានប្រគេន អង្ករ១តោន មី៥០កេស ភេសជ្ជ:៥០កេស ត្រីខកំប៉ុង៥០កេស ទឹកសុទ្ធ៥០កេស និងប្រគេនបច្ច័យមួយចំនួន។

ក្នុងនោះលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានជួយជាភួយចំនួន១០០ អង្ករ១តោន និងប្រគេនស៊ីម៉ងត៍៣០តោនដល់វត្ត។ លោក ងួន រតនៈ ប្រគេនស៊ីម៉ងត៍២០តោន សម្រាប់កសាងវត្តកំពុងជួបការលំបាក និងលោកស្រី កែ សួនសុភី សសុខា បានប្រគេនបច្ច័យ ៤០០ដុល្លារ សម្រាប់ដោះស្រាយចង្ហាន់ដល់សមណសិស្សដែលកំពុងរៀននៅក្នុងវត្តផងដែរ៕