(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងតែព្យាយាមកៀងគរ សហគមន៍អន្តរជាតិទាំងមូល ឲ្យយល់ព្រមតាមគោលដៅរបស់ទីក្រុង វ៉ាស៊ីនតោន នៃការស្វែងការឯកភាព ដើម្បីដាក់ទណ្ឌកម្ម ឲ្យបានខ្លាំងក្លា និង មានប្រសិទ្ធភាព ទៅលើកូរ៉េខាងជើង ឆ្លើយតបទៅនឹង ការសាកល្បង គ្រាប់បែកអ៊ីដ្រូសែន (H-Bomb) និង គម្រោងបាញ់គ្រាប់មីស៊ីល (Missiles Test) នៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ។ នេះបើតាមការផ្សាយរបស់ស៊ិនហួ នៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ ២០១៦។

លោក ចន ឃើបាយ (John Kirby) អ្នកនាំពាក្យសេតវិមានអាមេរិក ថ្លែងប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃ ព្រហស្បតិ៍ នោះថា «យើងទាំងអស់គ្នាពិតជាត្រូវការ ការប្រមូលផ្តុំមតិស្របគ្នា ជាធុងមួយ ដើម្បីទាញកូរ៉េខាងជើង ឲ្យមកទទួលខុសត្រូវលើអំពើដែលបាន និង កំពុង បង្កអស្ថិរភាពផ្សេងៗ ជាពិសេសការធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែន កាលពីដើមខែមករា»។

បើទោះបីជា អាមេរិកមិនបានបង្ហើបពីទណ្ឌកម្ម ដែលនឹងត្រូវដាក់លើរដ្ឋកុម្មុយនិស្ត ដ៏ឯកោ ជាងគេលើលោកមួយនេះក៏ដោយ ក៏គេអាចសន្និដ្ឋានបានថា វាទំនងជាការហាមប្រាមប្រទេស នានាមិនឲ្យធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង, ការដាក់ទណ្ឌកម្ម លើផ្នែកជំនួញសព្វាវុធ និង វត្ថុធាតុពាក់ព័ន្ធ, និង ការផ្តាច់ជំនួយនានាផងដែរ៕