(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបញ្ជាក់ថា នៅខែដំបូងនៃឆ្នាំ២០១៦នេះ កម្ពុជាបាននាំចេញអង្ករ​ទៅកាន់ទីផ្សារ​បរទេស បានជាង៤ម៉ឺន តោនកើតឡើង២២.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥។

របាយការណ៍បានបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៦នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន៤៤ ០៣៣តោន កើនឡើង២២.៦ភាគរយ បើធៀបនឹងខែមករាឆ្នាំ២០១៦ មានត្រឹមតែ ៣៥ ៩២១តោនប៉ុណ្ណោះ។

សូមជម្រាបថា នៅឆ្នាំ២០១៥កន្លងទៅនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៥៣៨ ៣៩៦ តោន ហើយទីផ្សារដែលនាំចូលអង្ករច្រើនជាងគេគឺប្រទេសចិន។ ក្រោយពីផែនការនាំ​ចេញអង្ករ​១លានតោន នៅឆ្នាំ២០១៥ មិនសម្រេចដូចបំណងរបស់រាជរដ្ឋាភិបាលនោះ សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ផែនការយ៉ាងយូរ ឆ្នាំ២០២០ ធ្វើយ៉ាងណានាំចេញអង្ករ ឲ្យបាន១លានតោន​សម្រេច​ផែនការ​របស់រាជរដ្ឋាភិបាល៕